ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងម៉េង កែវពេជ្ជតា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីក្រោយពីតារាស្រីរូបនេះបានបង្ហាញមុខក្នុងការLiveវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកស្រីបានបើកកកាយអំពីជីវិតជូរចត់មួយចំនួនគ្រាដែលរស់នៅជួបជុំគ្នាជាមួយអតីតស្វាមីលោកឧត្តមសេនីយ៍ឯក មួង ឃីម។
ផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយលែងលះស្វាមី។ គាប់ជួនមានគណនីយមួយបានចូលទៅComment អំពីរឿងប្រាក់ដែលបានពីការលែងលះគ្នាធ្វើឲ្យអ្នកស្រី មិនពេញចិត្ត និងចាប់ផ្តើមបើកកកាយរឿងជូរចត់ និងអយុត្តិធម៌គ្រាដែលរួមរស់ជាមួយស្វាមី និងក្រោយពេលលែងលះ។ ក្នុងអត្ថន័យសង្ខេបនៃការlive វីដេអូជាច្រើនលើកច្រើនសារ ដែលមានពេលខ្លះរហូតដល់៣ម៉ោងនោះ អ្នកនាងបានលើកឡើងពីការដែលត្រូវក្លាយខ្លួនជាភរិយា និងរងនូវភារៈមើលការខុសត្រូវជាច្រើនក្រោយពេលរួមរស់ជាមួយអតីតស្វាមី រហូតជួបរឿងរកាំរកូស ការមើលងាយ ជេប្រមាថ ការវាយដំ ការរំលោភសិទ្ធិសេរីភាព ការបង្ខូចកិត្តិយស និងទម្លាក់កំហុសជាច្រើនបន្តបន្ទាប់ រហូតលែងលះគ្នា ដែលនាងទទួលបានតែការមើលថែកូនទាំងពីរ និងមិនទទួលបានទ្រព្យសម្បត្តិដែលប្រឹងប្រែងរកបានរួមគ្នាគ្រារួមរស់ជុំគ្នា។ អ្នកស្រី ថាអតីតស្វាមីក៏នៅតែចិញ្ចឹមចិត្តព្យាបាទនាង និងមិនបានបំពេញតួនាទីជាឪពុកគឺមានតែការរំខាន និងរារាំងមិនឲ្យកូនចេញទៅរៀននៅបរទេសជាដើម។ ទោះមានឈ្មោះជាស្រ្តីមេម៉ាយក្តី ប៉ុន្តែខ្ញីចាស់រូបនេះពិតជាមើលថែរកូនប្រុសស្រីរបស់នាងបានយ៉ាងល្អ។តារាចម្រៀងស្រីចាស់វស្សារូបនេះ បានអះអាងទៀតថា ខ្លួនពិតជាមិនសុខចិត្ត ដែលត្រូវរងកម្មពារអស់រយៈពេលជាច្រើនឆ្នាំហើយ នៅត្រូវបានបាត់ទាំងកេរ្ដិ៍ឈ្មោះ និងរងឈ្មោះជាស្ត្រីជេរប្ដីថែមទៀត។ នៅក្នុងវីដេអូឡាយចំនួន ៣ឃ្លីប ដែលមានរយៈពេលជាច្រើនម៉ោងនោះ អ្នកនាង ម៉េង កែវពេជ្ជតា សង្កត់ហើយសង្កត់ទៀតទៅលើចំនុចត្រង់ថា ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ជេរគ្នា ហេតុអ្វីក៏ត្រូវបញ្ចេញសំឡេងរបស់អ្នកនាងដែលត្រូវអតីតស្វាមីលួចថត តែភាគីអ្នកនាងម្ខាង ឱ្យពិភពលោកបានស្ដាប់អ៊ីចឹង ហើយចុះសំឡេងអតីតប្ដីដែលជេរអ្នកស្រីក្ដែងៗ ម៉េចមិនបញ្ចេញសំឡេងមកក្រៅផង វាហាក់បីដូចជាអយុត្តិធម៌ពេកចំពោះអ្នកនាង ដែលកន្លងមកខិតខំថែរក្សាកិត្តិយសឱ្យប្ដីអស់ជាច្រើនឆ្នាំ ទាំងបិទមាត់សង្កត់ចិត្ត។តែអ្នកនាងក៏បានបញ្ជាក់បែបឌឺដងទៅកាន់ លោក មួង ឃីម និងភរិយាបច្ចុប្បន្ននោះ ផងដែរថា ប្រពន្ធថ្មីដែលមកក្រោយនោះ គឺ មកទទួលកម្មពីអ្នកស្រីហើយ ។
តារាស្រីរូបនេះទម្លាយដែរថាជុំវិញការលេចឮពាក្យចចាមអារ៉ាមថា អ្នកស្រីមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងនោះ ត្រូវបានតារារូបនេះ បញ្ជាក់ថា នោះជាការចោទប្រកាន់របស់លោក មួង ឃីម ។ ភាពវេទនារបស់អ្នកនាងនិងកូនៗ គឺមានច្រើនណាស់ក្នុងរយៈ១០ឆ្នាំមកនេះ ៕ ដោយ ៖វឌ្ឍនា