កណ្ដាល: នគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកណ្ដាល សហការជាមួយនគរបាលស្រុកកណ្ដាលស្ទឹង ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ងិន មឿន ស្ថិតក្នុងភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានចំនួន៧នាក់ ស្រី១នាក់ ទី១_ឈ្មោះ ងិន មឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទី២_ឈ្មោះ សួស រតនា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទី៣_ឈ្មោះ ហួង ប៊ុនលិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៤_ឈ្មោះ ទូច សៀង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៤ មានទីលំនៅបច្ចុប្បន្នភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ទី៥_ឈ្មោះ វុទ្ធី ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល,ទី៦_ឈ្មោះ ញុំង សំបូរ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៧_ឈ្មោះ វុធ បូរិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន (Ice) ចំនួន៧កញ្ចប់ និងសម្ភារវេចខ្ចប់សម្រាប់ជួញដូរ និងប្រើប្រាស់មួយចំនួន។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្តកណ្ដាលបានទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះជនសង្ស័យឈ្មោះ ងិន មឿន ស្ថិតក្នុងភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភ្លាមនោះសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកណ្តាលស្ទឹង និងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលចុះធ្វើការចាប់បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងឆេកឆេររកឃេីញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់ រួច បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ស្អាងជ័យ