ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនមានជំងឹបេះដូងត្រូវមិត្តភក្តិបញ្ជូនមកមន្ទីរពេទ្យតែអកុសលស្លាប់ពាក់កណ្ដាលផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិចិនម្នាក់ត្រូវបានមិត្តភក្តិបញ្ជូនមកសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែកខេត្តតែអកុសលហួសពេលទៅហើយដោយជនរងគ្រោះបានស្លាប់នៅពាក់កណ្ដាលផ្លូវ ដែលគេសង្ស័យថារូបគាត់មានជំងឹបេះដូង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ គូ ហ្វាងយាន(GU FANGYUAN)  អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខEG-៩២៥៥០៤៨ស្នាក់នៅបន្ទប់លេខB-០២១៨នៃវិថីថ្មើរជើងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតមានស្រុកកំណើតនៅខេត្តជាំងស៊ីប្រទេសចិន។

យោងតាមការបំភ្លឺរបស់លោក អ៊ុក សារិន គ្រូពេទ្យប្រចាំការនៃមន្ទីរពេទ្យខេត្តបានឱ្យដឹងថា នៅវេលាម៉ោង៣ទៀបភ្លឺ  មានជនជាតិចិនម្នាក់ត្រូវបានមិត្តភក្តិដឹកតាមរថយន្តមួយគ្រឿងមកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់តាំងពីមុនពេលចូលមកដល់មន្ទីរពេទ្យម្ល៉េះ  ។​ក្រោយមកទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។

នៅវេលាម៉ោង៧និង៣០នាទីព្រឹកកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងអ. ហ ក្រុង និងគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់បន្ទប់លេខ៤នៃមន្ទីរពេទ្យខេត្តឃើញថា នៅលើខ្លួនប្រាណសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេគឺស្លាប់ដោយសារជំងឺបេះដូង ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចយកមករក្សាទុកដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖