ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ម៉ៅ វាសនា ហៅ វែង អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលតាម ផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

ទី២ឈ្មោះ ម៉ាន សត្យា ហៅញ៉ាញ់ អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងដកហូតរួមមានដែកមុខស្រួចសំប៉ែតចំនួន ០១ដើម សោទីបលេខ៨ចំនួន០១ដើម, ដែកលួសសរសៃចំនួន០៣កំណាត់ , ទួរណឺវិស ចំនួន០២ដើម និង ម៉ូតូ០១គ្រឿងម៉ាកហុងដាវីសិន ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1M9458 (ជារបស់ជនសង្ស័យ) ។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន។ ពេលមកដល់ផ្លូវលេខ៣៧១ ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ស្រាប់តែឃើញជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវីសិន។ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ម៉ូតូដើម្បីត្រួតពិនិត្យ ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ ធី បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់ ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនសង្ស័យ០២នាក់ឆែកឆេររកឃើញឧបករណ៍សម្រាប់គាស់សោទ្វារផ្ទះ និងសម្រាប់កាច់សោកម៉ូតូមួយចំនួន ទើបសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង០២នាក់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន

នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖