ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្រភេទសត្វកម្រជាច្រើនត្រូវបានរកឃើញមានវត្តមានក្នុងឧទ្យានជាតិវិរៈជ័យក្នុងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្រភេទសត្វកម្រជាច្រើនត្រូវបានរកឃើញមានវត្តមានក្នុងឧទ្យានជាតិវិរៈជ័យក្នុងខេត្តរតនគិរីតាម
រយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿងដែលមន្ត្រីឧទ្យានុរក្សបានដាក់ថតតាំងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០។ នេះគឺជាការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ ពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយឱ្យដឹងថា៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ ហើយតាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ដោយថតបានសត្វព្រៃប្រភេទសត្វកម្រជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់និងកេងកងជាដើមដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានកត់សម្គាល់ថានៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើងរួមទាំងប្រភេទសត្វកម្រនិងជិតផុតពូជមួយចំនួនផងដោយសារតែការខិតខំអភិរក្ស និងការពារជម្រកសត្ព្រៃរបស់កម្លាំងមានសមត្ថកិច្ច។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោកដោយសារតែ
ប្រភេទសត្វមួយចំនួនដែជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា។ លោក រដ្ឋលេខាធិការបានមានប្រសាសន៍ថា យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីងនិងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានចាត់ចូលជាប្រភេទ ងាយរងគ្រោះថ្នាក់(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់(NT) ដែលមានន័យថាវាអាចឈានទៅជាប្រភេទ ងាយរងគ្រោះថ្នាក់ ផងដែរ នៅពេលខាងមុខ និងដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់តិចតួច(LC) ដែលមានន័យថាវាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបាន បង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២ ៣០៨ ប្រភេទ  ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួន ទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែល បាន កំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនឹកសត្វ ៣៩ ប្រភេទក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមានដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប ៣៦ ប្រភេទដែលជិតផុតពូជ និងងាយរងគ្រោះរួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ ១៣ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ប្រភេទសត្វព្រៃ កំពុងទទួលរងការគំរាមកំហែងដោយ ការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រកបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃដើម្បីយកជាកមមសិទ្ធិជាដើម ដែលទាមទារឱ្យមាននូវការការពារមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហេតុដូចនេះហើយ បានជាក្រុមមន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានខិតខំបំពេញការងារចុះល្បាតជាប្រចាំនៅតាមចំណុចគោលដៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលនេះមិនមែនត្រឹមតែជាកាតព្វកិច្ចការងារ តែជាការលះបង់ និងជាវីរភាព ឈរលើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ប្រកបដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាបាននូវការការពារជីវៈចម្រុះរបស់ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាសម្រាប់ពិភពលោក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានិងអភិរក្សជីវៈចម្រុះ ជីវិតសត្វនិងរុក្ខជាតិតូចធំនៅក្នុងតំបន់ការពារធម្មជាតិដើម្បី រក្សាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោក បានថ្លែង ថាក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបានឈរជើងការពារតំបន់ការពារធម្មជាតិនានាបានដោះអន្ទាក់ចេញពីក្នុងព្រៃបានចំនួន ១៧ ១៧៥ អន្ទាក់កាលពីឆ្នាំ ២០១៩ កន្លងទៅគឺមាន ការកើនឡើងជាងឆ្នាំ ២០១៨ ចំនួន ៥០០០ អន្ទាក់។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេគឺខេត្ត កោះកុងដែលមានចំនួន ៧០៧៤ អន្ទាក់នៅឆ្នាំ ២០១៩។

លោក បានថ្លែងថា ៖ «សត្វព្រៃនិងរុក្ខជាតិ ដែលមាននៅលើ ភពផែនដីនេះគឺពិតជាមានសារៈប្រយោជន៍មិនអាចកាត់ថ្លែបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សាភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្សនិងការអភិវឌ្ឍដោយចីរភាពផងដែរ»។ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សត្វព្រៃនិងសត្វស្លាបមួយចំនួនដែលពិភពលោកជិតផុតពូជ គឺមានវត្ត មាននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានជំរុញឱ្យប្រ ជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ សត្វចាប់សត្វព្រៃខុសច្បាប់ដែលត្រូវប្រឈមនឹងច្បាប់។ លោករដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបរិភោគសាច់សត្វព្រៃព្រោះមានមេរោគ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព។ លោកបន្តថា ក្រោយពីការផ្ទុះជំងឺកូវីដ ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ។

លោកបានថ្លែងថាតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វ ព្រៃមិនមានប្រយោជន៍សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លងមេរោគផង ដែរ។ លោកបន្តថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្តនានាបានចុះពិនិត្យជាប្រចាំនៅ តាមទីផ្សារនានា និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាតិឱ្យលក់សាច់សត្វព្រៃឡើយ។ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមានការលក់សាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញដើម្បីចាត់វិធានការតាមច្បាប់»។

លោក នេត្រ ភក្ត្រា រដ្ឋលេាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់សាជាថ្មីនូវការតាំងចិត្តខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ «កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ដោយបានបន្ថែមថា៖«កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក»។ លោក រដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ និងការធ្វើកិច្ចសន្យាបញ្ឈប់សក្មភាពជាដើម៕ដោយ៖សុខ ខេមរា


ចែករំលែក៖