ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបុករថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំនិងរបួសស្រាលមនុស្សម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថភ្លើងនិងរថយន្តនាវេលាម៉ោង ៩និង១១នាទីយប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី01 ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងបណ្តាលឲ្យខូចរថយន្តយ៉ាងដំណំនិងរបួសមនុស្សស្រាលម្នាក់។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថានៅលើផ្លូវដែករថភ្លើងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថភ្លើងដឹកប្រេង 01គ្រឿង ដែលបើកបរដោយឈ្មោះ អួន សេថាវីត ភេទប្រុស អាយុ 28ឆ្នាំ រស់នៅភូមិ2 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបើកបរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត 1គ្រឿងម៉ាកតូយ៉ូតាព្រូស

ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2-C9648 អ្នកបើកបរ ឈ្មោះ សល់ សុផល ភេទ ប្រុស អាយុ 26ឆ្នាំ រស់នៅក្រុមទី2 ភូមិកាឡោនភ្លុក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តទៀតថាមូលហេតុមកពីរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវដែកពីទិសជើងទៅត្បូង ហើយរថយន្តក៏បានបើកឆ្លងកាត់ផ្លូវដែកដែរដោយមិនបានមើលឆ្វេងស្តាំទើបបានជាបណ្ដាលឲ្យរថភ្លើងបុកពេញទំហឹងតែម្តង តែសំណាងគ្រាន់តែរបួសស្រាលមនុស្សម្នាក់ប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានធ្វើកំណត់ហេតុនិងយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ពេលក្រោយ៕ដោយ÷ស សារ៉េត


ចែករំលែក៖