ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ គម្រោងស្ថាបនាផ្លូវក្រោមដីចំនួន ៣ ខែ្សដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នាពេលបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ៖  ផ្លូវក្រោមដី ខ្សែដែលនឹងចូលខ្លួនមកដោះស្រាយការកកស្ទះចរាចរណ៍តំបន់សំខាន់ ៣នៅភ្នំពេញ បញ្ហាចរាចរណ៍នៅភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយហាក់មានភាពណែនចង្អៀតខ្លាំងគួរឲ្យកត់សម្គាល់ បញ្ហាទាំងនេះកើតឡើងដោយសារកំណើន យានយន្ដមានការកើនឡើងច្រើន។ ទន្ទឹមនឹងនេះដែរដើម្បីបញ្ជៀសការកកស្ទះទាំងនោះ អាជ្ញាធរក៏បានរិះរកគ្រប់វិធីសាស្រ្ត

ក្នុងការដោះស្រាយផងដែរ ដូចជា៖ ការសាងសង់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវក្រោមដីជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យការសែតនគរវត្ដដឹងកាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញនេះថា៖គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងដើម្បីឆ្លើយតបទៅ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ជួយសម្រួលរំដោះចរាចរណ៍ ដែលតែងតែកកស្ទះលើបណ្ដោយផ្លូវសហព័ន្ធរុស្សុីនេះ ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន៖ ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ ទី២ ផ្លូវក្រោមដីនៅម្ដុំមុខ វិទ្យាស្ថានបច្ចេកវិទ្យាភាសាបរទេស តាមបណ្ដោយផ្លូវសហព័ន្ធរិស្សុី និងទី៣នៅ ម្ដុំក្ដាន់២ជិតក្រសួងការពារជាតិ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាការស្ថាបនាផ្លួវក្រោមដីនេះ គឺជាយន្ដការ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជា លក្ខណៈយូរអង្វែងដែលជួយសម្រួលដល់ការចេញ ចូល របស់សិស្សនិសិត្សនៅសាកលវិទ្យាល័យភូមិភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ខណៈដែលផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មានស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានឲ្យ ការសែតនគរវត្ដ ដឹងកាលពីម្សិលមិញនោះដែរថា៖ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់មុខវិទ្យាស្ថានភាសាបរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះឬគ្រោះថ្មាក់ចរាចរណ៍ជាដើម។

លោកបានបន្ថែមទៀតថា ចំណែកនៅតំបន់កា្ដន់ពីរវិញ ផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ឆ្ពោះទៅផ្លូវបឹងកក់ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ ៕ដោយ៖ សំរិត


ចែករំលែក៖