ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គោរពវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
លោកស្រី កិត្តិសង្គហបណ្ឌិត ព្រមទាំងប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំ និងអាឡោះអាល័យជាមួយលោកស្រី សួស ណារ៉ា ហ៊ឹម ឆែម ចំពោះការទទួលមរណភាពរបស់លោកទេសរដ្ឋមន្ត្រី។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ បានអញ្ជើញប្រគល់ជូនលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូវបច្ច័យចូលរួមក្នុងពិធីបុណ្យ និងបានបន្តអញ្ជើញដឹកនាំប្រតិភូចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដោយខ្លឹមសារថា ៖ មរណៈភាព របស់ លោក ហ៊ឹម ឆែម គឺជាការបាត់បង់គួរឲ្យសោកស្តាយបំផុតនូវស្វាមី ឳពុក និងជីតា ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហ៊ាធម៌ ហើយក៏ដូចជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលមួយជីវិតរបស់លោកបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេស បានចូលរួមចំណែកយ៉ាង សំខាន់ធ្វើឲ្យវិស័យធម្មការ និងសាសនា មានការីកចម្រើនដូចសព្វថ្ងៃនេះ ។យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកសមានទុក្ខ ដោយសេចក្តីសោកសង្រេងជាទីបំផុតជាមួយលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ របស់លោក ហ៊ឹម ឆែម បានទៅសោយ សុខក្នុងឋានសុគិតភពកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖សំរិត


ចែករំលែក៖