បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្តដាក់ផែនការរឹតបន្តឹងតាមច្រកព្រំដែន ច្រករបៀងដែលមាននៅក្នុងខេត្ត ដេីម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនចូលទៅក្នុងទឹកដីប្រទេសថៃ ដេីម្បីស្វែករកការងារធ្វេី។កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះដែរ ពិសេសផ្តោតសំខាន់ទប់ស្កាត់ការរីរាលដាលជំងឺកូវីដ–១៩ ក៏ដូចជាពង្រឹងនូវការគ្រប់គ្រងការធ្វេីដំណេីរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩នៅកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំង៣ប្រភេទបានចូលរួម នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។
ក្នុងនោះរដ្ឋបាលខេត្ត ក៏បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ឲ្យបានជ្រាបផងដែរ ក្រោយពីមានការព្យាបាលអ្នកជម្ងឺកូវីដ១៩(covid 19)ជាសះស្បើយអស់ពីកម្ពុជា ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាចនិងបាត់បង់ការប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបានខេត្ត សូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ត្រូវរៀបចំអាល់កុល ឬជែល សម្រាប់លាងដៃនៅច្រកទ្វារចេញចូល ត្រូវចាត់ចែងឲ្យបុគ្គលិក វាស់កំដៅដល់ភ្ញៀវមុននិងអនុញ្ញាតចូលក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ៖ វណ្ណា