ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន១០នាក់ កំពុងតែនាំគ្នាប្រើប្រាស់គ្រឿងនៅក្នុងបន្ទប់ជួល ស្រាប់តែសមត្ថកិច្ចទៅដល់ក្របួចជាប់ រួមនិងដកហូតថ្នាំញៀន ព្រមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ ។
ករណីចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នៅចំណុចបន្ទប់ជួលលេខB8 ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរងខណ្ឌ និង លោកវរសេនីយ៍ទោ គួច សុភា អធិការរងតំណាងឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកនាង ផល្លី មេប៉ុស្តិ៍អូរបែកក្អម និងមន្ត្រីតុលាការចូលរួមផងដែរ។
លោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដោយមានការណែនាំពីលោកអធិការខណ្ឌបានឲ្យលោកដឹកនាំកម្លាំងធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី១០នាក់និងដកហូតថ្នាំញៀន ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកអធិការរង បានឲ្យដឹងទៀតថា ក្រោយពីនាំខ្លួនពួកគេទៅដល់អធិការនគរបាលខណ្ឌខាងផ្នែកជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀនទាំង១០នាក់នោះ ប៉ុន្តែរកឃើញអ្នកប្រើប្រាស់តែ០៨នាក់ទេដោយឡែក២នាក់ដែលមិនមានសារធាតុញៀននោះសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕ដោយ៖ ចន្ទ លីហ្សា