បន្ទាប់ពីអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO ប្រកាសលាលែងចេញពីតំណែង ដោយរងគំនាបពីអាមេរិក ពាក់ព័ន្ធសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ នៅពេលនេះ លោកត្រាំកំពុងតែដាក់គំនាបដូចគ្នាទៅលើប្រធានអង្គការសុខភាពពិភពលោក WHO វិញម្តង ក៏ជាប់ពាក់ព័ន្ធជាមួយចិននោះដែរ ប៉ុន្តែជាបញ្ហាកូវីដ-១៩វិញម្តង។
លោកត្រាំ បានព្រមានអង្គការសុខភាពពិភពលោក ថានឹងឈប់ផ្តល់ជំនួយជារៀងរហូត ប្រសិនបើអង្គការសុខភាពមួយនេះ មិនសន្យាកែទម្រង់ ក្នុងរយៈពេល ៣០ថ្ងៃនោះទេ។ មិនតែប៉ុណ្ណោះលោកត្រាំក៏បានព្រមាន ដកអាមេរិកចេញពីអង្គការនេះផងដែរ។ លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃលើWHO ដោយបានលើកឡើងពីអ្វីដែលលោកចាត់ទុកជាកំហុស និងការឆ្លើយតបមិនមានប្រសិទ្ធភាពទៅនឹងជំងឺ COVID-19 ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរលិខិតមួយចុះថ្ងៃទី១៨ ខែឧសភា ផ្ញើឲ្យអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ដោយបានរៀបរាប់ពីទង្វើដែលរដ្ឋាភិបាលលោកចាត់ថា ជារឿងមិនត្រឹមត្រូវ។ លោក ត្រាំ ក៏រិះគន់ WHO ថា មិនអាចគ្រប់គ្រងCOVID-19 នៅដំណាក់កាលដំបូងនៃការផ្ទុះ និងមានទំនោរទៅរកចិនខ្លាំងពេករហូតមិនអាចសម្រេចចិត្តបានដោយឯករាជ្យ។
ក្នុងសំបុត្រដដែល លោក ត្រាំ ក៏បង្ហាញការមិនពេញចិត្តនឹង WHO ដែលជំទាស់ការវិធានការបិទប្រទេសរបស់លោក តែបែរជាសរសើរវិធានការរឹតត្បិតដ៏តឹងរ៉ឹងរបស់ចិនទៅវិញ។ មេដឹកនាំអាមេរិករូបនេះ ក៏បន្តរិះគន់អង្គការអន្តរជាតិខាងសុខាភិបាលមួយលើការមិនដាក់សម្ពាធលើចិនឲ្យមានការអនុញ្ញាតឲ្យអ្នកជំនាញអន្តរជាតិចូលទឹកដីចិន ហើយនៅពេលទៅដល់ចិន បែរជាមិនអាចទៅដល់ទីក្រុងវូហានទៅទៀត។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅរបស់អាមេរិក គឺចង់បង្វែរការចាប់អារម្មណ៍ទៅលើអង្គការWHO និងប្រទេសចិន ងាកចេញពីភាពបរាជ័យរបស់លោកត្រាំ ក្នុងការទប់ស្កាត់កូវីដ-១៩ នៅក្នុងទឹកដីអាមេរិក ។ ទាំងនេះជាយុទ្ធសាស្ត្ររបស់លោកត្រាំ ដើម្បីទម្លាក់កំហុសឲ្យ WHO និងចិន ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំ២០២០នេះ៕ដោយ៖ធី រីណា