ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស០៩នាក់(បុរសចិន០៨នាក់ និងស្ត្រីភូមា០១នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ ដែលជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។
សមត្ថកិច្ចអោយដឹងថា៖ ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនរួមមាន៖
1/ ឡូវ ពិនភេទប្រុស អាយុ៥០ឆ្នាំជនជាតិចិន
2/ ឈិន ស៊ី ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិន
3/ ស៊ុង ជាំង ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិចិន
4/ សោ ឆោ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិចិន
5/ វ៉ាង វិនហ ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិចិន
6/ ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
7/ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
8/ ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
9/ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំជនជាតិភូមា
10/ងែត ផល្លា ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរ ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ៖ ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ មកម្លេះ ព្រោះជនរងគ្រោះបានដឹងការសម្ងាត់របស់ក្រុមជនល្មើសដែលសុទ្ធតែ ជាក្រុមមនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់ និងត្រូវបានប៉ូលីសចិនតាមចាប់ខ្លួនផងដែរ ហើយនៅពេលនោះ ជនរងគ្រោះបានលួចផ្ញើសារទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកមធ្យោបាយជួយរំដោះខ្លួន តែដោយសារស្ថានភាពនៅប្រទេសចិននាពេលនោះ កំពុងត្រូវបានជំងឺកូវីដ១៩រាតត្បាត បានធ្វើឲ្យបងប្រុសរបស់ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិនបាន ក៏បានពន្យាពេលធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ទើបបងប្រុសជនរងគ្រោះ បានធ្វើដំណើរមកដល់កម្ពុជា និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរករំដោះប្អូនប្រុសរបស់ខ្លួន។
ក្រោយពីសមត្ថកិច្ចអាវុធហត្ថបានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ជនល្មើសកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វា ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វាសហការ ជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសំរបសំរួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាបនិងឆេកឆេរបន្ទប់ចំនួន4 ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១០នាក់(បុរសចិន០៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរជាអ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ឲ្យមានសេរីភាព។
បន្ទាប់ពីសាកសួរ និងស៊ើបអង្កេតតាមវិធានការជំនាញ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ក្រុមជនសង្ស័យចំនួន០៩នាក់(បុរសចិន០៨នាក់ នារីភូមា០១នាក់) បានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និង ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទៀតផង៕ជ្រោយពេជ្រ