ភ្នំពេញ៖ ជាមោទនភាពផងដែរសម្រាប់កម្ពុជាដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានចេញរបាយការណ៍ស្តីពីលទ្ធផល វិស័យកសិកម្មសម្រាប់គម្រោងកម្ចីនិងជំនួយសម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលមានទឹកប្រាក់ចំនួន ២៧៥,៨ លានដុល្លារអាម៉េរិក។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្នុងរបាយការណ៍ចេញផ្សាយប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ក្នុងរបាយការណ៍បានលើកឡើងថា ADB បានផ្ដល់ជំនួយលើគម្រោង និងកម្មវិធីធំៗដែលបានចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០១៩-២០២០មានទឹកប្រាក់ចំនួន២៧៥,៨ លានដុល្លារអាម៉េរិក ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ រួមមានគម្រោងឧទ្យានជាតិ,ថាមពលព្រះ អាទិត្យតម្លៃ៧,៦លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគជាមួយវិស័យឯកជនលើថាមពល ដែលអាចកកើតឡើងវិញនេះ។ ទន្ទឹមនឹងនេះ រោងចក្រថាមពលទាំងនេះ រំពឹងថា នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូន ឌីអុកស៊ីតយ៉ាងហោចណាស់ក៏១៤៨.៦៥០តោនក្នុងមួយឆ្នាំដែរ។ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន(កម្មវិធីរងទី២)តម្លៃ ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបាន ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូច និង មធ្យម។ កម្មវិធីនេះគាំទ្រការអនុម័តយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិ ជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួត ប្រជែង តម្លៃ៦០ លានដុល្លារ ដើម្បីអភិវឌ្ឍធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញក្នុងវិស័យអាទិភាពចំនួនបួន រួមមាន ផ្នែកផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។
ជាមួយគ្នានេះ កម្មវិធីទីបីនៃការអភិវឌ្ឍផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទ តម្លៃ៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ) ដើម្បីលើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។ កម្មវិធីនេះបន្ថែមចំនួនខេត្ត ពីប្រាំមួយ ទៅប្រាំបី (រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និងខេត្ដសៀមរាប) និងអនុវត្តក្នុងភូមិចំនួន ៦០០។ ក្នុងរបាយការណ៍ក៏បានបន្ថែមថា គម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល ២,២ លានដុល្លារជាប្រាក់ជំនួយ)ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ ផលិតភាព និងពិពិធកម្មកសិកម្ម៕ ដោយ៖សំរិត