អេហ្សុីប៖ក្រុមចោរ៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបបន្ទាប់ពីបានប្រើរបាំងមុខរូបកីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool បន្លំចូលប្លន់ហាងមួយ។ ក្រុមចោរប្លន់មួយក្រុមនេះត្រូវបានប៉ូលីសនៅតំបន់ Cairo ចាប់បានដោយប្រើរបាំងមុខរូបកីឡាករMohamed Salah ដើម្បីបន្លំអត្តសញ្ញាណរបស់ពួកគេ ។
ក្រុមចោរទាំង៤នាក់ត្រូវបានចាប់ខ្លួននៅពេលប៉ុនប៉ងប្លន់ហាងមួយនៅលើផ្លូវ Hassanein Heikal ស្ថិតក្នុងសង្កាត់ Nasr City នៃរដ្ឋធានីប្រទេសអេហ្ស៊ីប។
ក្រុមចោរប្លន់ទាំង៤នាក់មុនពេលចូលប្លន់បានបិទមុខរបស់ពួកគេដោយប្រើរបាំងមុខរបស់ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool និងជាតារាបាល់ទាត់ដ៏ល្បីមួយរូបនៅក្នុងប្រទេសកំណើតរបស់ពួកគេគឺអេហ្ស៊ីប។
ក្រុមចោរបានព្យាយាមរត់គេចខ្លួនបន្ទាប់ពីត្រូវបានកម្លាំងប៉ូលីសចូលទៅប៉ុន្តែទោះបីខំព្យាយាមយ៉ាងណាក៏ត្រូវប៉ូលីសឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា Mohamed Salah គឺជាតារាបាល់ទាត់ដ៏ល្បីបំផុតរបស់អេហ្ស៊ីប និងជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអេហ្ស៊ីបដោយកីឡាកររូបនេះរកបាន៤១គ្រាប់ក្នុង៦៧ប្រកួតសម្រាប់ប្រទេសរបស់គាត់។ ភាពល្បីល្បាញរបស់កីឡាកររូបនេះទើបតែកើតឡើងចាប់តាំងពីផ្លាស់ទៅក្រុម Liverpool ក្នុងឆ្នាំ២០១៧ ហើយមានការកោតសរសើរពីគ្រូបង្វឹកក្រុមហង្សក្រហម និងគ្រូបង្វឹកក្រុមជម្រើសជាតិផងដែរ ៕
ដោយ៖ភារៈ