ខ្សែប្រយុទ្ធ Timo Werner រកបានដល់ទៅ៣គ្រាប់ម្នាក់ឯង ជួយក្រុម Leipzig ឈ្នះក្រុមម្ចាស់ផ្ទះ Mainz 05ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីយប់មិញ។ សម្រាប់ខ្សែប្រយុទ្ធរូបនេះជិតតាមទាន់ចំនួនគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លិប Bayern Munich ហើយដោយនៅនៅតែ៣គ្រាប់ទៀតប៉ុណ្ណោះ។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អ និងមានក្លិបជាច្រើនចង់បាន។
ថ្មីៗនេះមានក្លិបយក្សនៅអង់គ្លេសLiverpoolកំពុងតាមចែចូវចង់នាំកីឡាកររូបនេះមកទឹកដីអង់គ្លេសផងដែរ។ ជាមួយគ្នានេះតម្លៃខ្លួនរបស់កីឡាករ TimoWernerចាប់ផ្តើមមានហាងឆេងកាន់ខ្ពស់។
សម្រាប់រដូវកាលនេះខ្សែប្រយុទ្ធTimoWernerរកបាន២៤គ្រាប់ហើយ ដោយឈរចំណាត់ថ្នាក់លេខ២ក្នុងចំណោមកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅអាល្លឺម៉ង់។ ខ្សែប្រយុទ្ធLewandowski របស់ក្លិបយក្ស Bayern Munichកំពុងឈរលើគេដោយរកបាន២៧គ្រាប់។
នេះមានន័យថា Timo Werner ចាញ់គ្រាប់បាល់កីឡាករLewandowskiតែ៣គ្រាប់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុម Leipzig បច្ចុប្បន្ននេះកំពុងប្រជែងនៅតំបន់ Top3 ដោយឈរនៅលេខ៣ មាន៥៤ពិន្ទុ ស្របពេលក្រុម Dortmund វិញមាន៥៧ពិន្ទុ នៅលេខ២ និងក្រុមលេខ១គឺ Bayern Munich មាន៦១ពិន្ទុ ឆ្លងកាត់ការប្រកួត២៧ប្រកួត ។ ក្រុមទាំងអស់នឹងចាប់ផ្តើមប្រកួតបន្តទៀតនៅថ្ងៃទី២៦ ទី២៧ និងទី២៨ ចុងសប្តាហ៍នេះ ៕ដោយ៖ភារៈ