ហុងកុង៖ យ៉ាងហោចណាស់មនុស្សយ៉ាងតិច១៨០នាក់ ត្រូវបានប៉ូលីសហុងកុងឃាត់ខ្លួន ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់ទៅលើក្រុមបាតុករហុងកុងរាប់ពាន់នាក់ ខណៈដែលពួកគេប្រមូលផ្ដុំគ្នា កាលពីថ្ងៃទី២៤ខែឧសភាម្សិលមិញនេះ ធ្វើសកម្មភាពតវ៉ាប្រឆាំងច្បាប់សន្តិសុខដ៏ចម្រូងចម្រាសដែលស្នើដោយក្រុងប៉េកាំង ។
ហេតុការណ៍ក្រុមអ្នកតវ៉ា និងប៉ូលីសហុងកុង បានប្រឈមមុខដាក់គ្នានេះដែររដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បន្តប្រកាន់ជំហររឹងត្អឹងថាសំណើច្បាប់នេះត្រូវតែដាក់ចេញដោយគ្មានការពន្យារពេលឡើយ។ សំណើច្បាប់ដ៏ចម្រូងចម្រាសនេះ បើចូលជាធរមាន នឹងហាមឃាត់ការធ្វើវិទ្ធង្សនា ចលនាផ្ដាច់ខ្លួន អំពើភេរវកម្ម និងការហៅកម្លាំងបរទេសលូកដៃក្នុងកិច្ចការផ្ទៃក្នុងហុងកុង។ ទាំងនេះ គឺជាទង្វើដែលចាត់ទុកថាគំរាមដល់សន្តិសុខជាតិហុងកុង។
ជាមួយការព្រមានថា សំណើច្បាប់សន្តិសុខថ្មីនេះអាចបិទបញ្ចប់សេរីភាពរបស់ទីក្រុង មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានិងធ្វើសកម្មភាពប្រឆាំងខណៈបាតុករពាក់ម៉ាស់ខ្លះលើកប៉ារ៉ាស់រាំងខ្ទប់រថយន្តប៉ូលីស។ ប្រាប់ទីភ្នាក់ងារ AFP បាតុករអាយុ២៥ឆ្នាំម្នាក់និយាយថា មនុស្សអាចត្រូវជាប់ទោសផ្នែកព្រហ្មទណ្ឌ ដោយគ្រាន់តែពួកគេនិយាយ ឬចុះផ្សាយប្រឆាំងរដ្ឋាភិបាល។ យុវជនរូបនេះសំដៅលើសំណើច្បាប់សន្តិសុខថ្មី។
ប៉ូលីសហុងកុងត្រូវបានដាក់ពង្រាយ ក្រោយក្រុមបាតុករពុំស្ដាប់តាមការព្រមានរបស់អាជ្ញាធរប្រឆាំងការកែនគ្នាដោយគ្មានការអនុញ្ញាត និងបំពានច្បាប់ទាក់ទង COVID-19 បច្ចុប្បន្នរបស់ក្រុងហុងកុង ដែលហាមប្រាមការប្រមូលផ្ដុំសាធារណៈលើស៨នាក់។ ប៉ូលិសអះអាងថាមនុស្សយ៉ាងតិច១៨០នាក់ ត្រូវឃាត់ខ្លួន។
ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលហុងកុង បានចេញថ្កោលទោសទង្វើរបស់ក្រុមបាតុករដែលពួកគេចាត់ទុកថាខុសច្បាប់និងហិង្សាខ្លាំងហើយបានសង្កត់ធ្ងន់ពីភាពចាំបាច់និងបន្ទាន់នៃសំណើច្បាប់សន្តិសុខជាតិ ដែលស្នើដោយចិន។ ទន្ទឹមនេះ ក្រុងហុងកុង ក៏ចោទប្រកាន់បាតុករថាបង្កររបួសស្នាមដល់មន្ត្រីប៉ូលិសយ៉ាងតិច៤នាក់ផងដែរ។
មែនទែនទៅ ក្តីកង្វល់ធំជុំវិញសំណើច្បាប់សន្តិសុខជាតិថ្មី គឺ វាអនុញ្ញាតឲ្យភ្នាក់ងារសន្តិសុខចិនធ្វើប្រតិបត្តិការទីក្រុងពាក់កណ្ដាលស្វយ័តហុងកុងហើយពួកគេអាចបើកការបង្ក្រាបលើក្រុមអ្នករិះគន់ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ មេដឹកនាំក្រុងហុងកុង អ្នកស្រី ការី ឡាំបានថ្លែងការពារសំណើច្បាប់ថ្មីដែលដាក់ស្នើដោយរដ្ឋាភិបាលចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកស្រីបញ្ជាក់ថា វាជារឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិនិងដាក់ទោសបាតុកម្មហិង្សាដែលមានចរិតនយោបាយ។
នេះពុំមែនជាសំណើច្បាប់ចម្រូងចម្រាសទីមួយដែលបង្កកង្វល់ពាក់ព័ន្ធនឹងការបាត់បង់សេរីភាពពលរដ្ឋ និងស្វយ័តភាពរបស់ទីក្រុងហុងកុង។កាលពីឆ្នាំមុន បាតុកម្មទ្រង់ទ្រាយធំ បង្កឡើងដោយសំណើច្បាប់បត្យាប័នដែលចុងក្រោយត្រូវដកហូតវិញ។ បើចូលជាធរមាន សំណើច្បាប់អនុញ្ញាតធ្វើបត្យាប័នរវាងក្រុងប៉េកាំងនិងចិនដីគោក។ ចាប់តាំងពីបាតុកម្មនេះបានផ្ទុះឡើង មនុស្សជាង៨៣០០នាក់ត្រូវអាជ្ញាធរចាប់ឃាត់ខ្លួនហើយ២០០នាក់ផ្សេងទៀត ត្រូវឃុំឃាំងអំឡុងការតវ៉ាទ្រង់ទ្រាយតូចនៅហាងទំនិញមួយនៅទិវាម្ដាយអន្តរជាតិ កាលពីដើមខែមុន។
គួរបញ្ជាក់ថា ទីក្រុងហុងកុង ត្រូវបានប្រគល់ឲ្យចិនវិញក្នុងឆ្នាំ១៩៩៧ចេញពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ ក៏ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពិសេសហៅថា ច្បាប់មូលដ្ឋាន និង គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» សេរីភាពរបស់ក្រុងហុងកុងត្រូវធានាការពារ។ សិទ្ធិទាំងនោះ គឺមានដូចជាសេរីភាពនៃការបញ្ចេញមតិនិងប្រមូលផ្ដុំ ប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងសិទ្ធិប្រជាធិបតេយ្យខ្លះ ហើយជាពិសេសសិទ្ធិសេរីភាពចេញពីការគ្រប់គ្រងរបស់ចិន លើកលែងកិច្ចការពារជាតិ និងការបរទេស ៕ដោយ៖ស តារា