ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋ New South Wales ប្រទេសអូស្ត្រាលីអនុញ្ញាតឲ្យសិស្សវិលចូលសាលាវិញហើយ

ចែករំលែក៖

សារព័ត៌មាន TTXVN នៅថ្ងៃ ទី២៥ ខែឧសភា បានផ្សាយថា រដ្ឋ NSW ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុត ក្នុងនោះមានទីក្រុងស៊ីដនី បានបើកទ្វារសាលារៀនឲ្យសិស្សចូលមកសិក្សាដោយផ្ទាល់វិញហើយ។ ប៉ុន្តែរដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងសន្តិសុខ ដើម្បីត្រួតពិនិត្យ តាមមធ្យោបាយធ្វើដំណើរឲ្យពលរដ្ឋរក្សាគម្លាតគ្នា បញ្ជៀសការឆ្លងជាលើកទីពីរ។
ការវិលត្រឡប់ទៅសាលារៀនវិញគឺជារឿងល្អបំផុត ដោយជួយឲ្យឪពុកម្តាយអាចវិលត្រឡប់ទៅធ្វើការវិញធម្មតា។ ប៉ុន្តែអាចនឹងមានការយឺតយ៉ាវដោយសារតែរថភ្លើងរថយន្តក្រុងដឹកអ្នកដំណើរតិចជាងមុន ក្នុងគោលដៅធានាគម្លាតពេលធ្វើដំណើរ។
គិតមកដល់ថ្ងៃ ទី២៥ ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសអូស្ត្រាលី សរុបមាន៧.១០០នាក់ និងស្លាប់តែ១០២នាក់ប៉ុណ្ណោះ ទាបជាងបណ្តាប្រទេសនានា។ បណ្តារដ្ឋនៅប្រទេសអូស្ត្រាលីបានសម្រេចអនុវត្តគម្រោងលុបច្បាប់គ្រាមានអាសន្ន តាមដំណាក់កាល ហើយនឹងលុបទាំងស្រុងនៅខែកក្កដាឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានលើកឡើងថា ការបើកទ្វារសាលារៀន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។ ជាមួយគ្នានោះ លោក Scott Morrison បានស្នើឲ្យពលរដ្ឋសម្រាកលម្ហែកាយនៅក្នុងប្រទេស ដើម្បីជួយដល់វិស័យទេសចរណ៍ជាតិ ៕

ដោយ៖ធី រីណា


ចែករំលែក៖