ខេត្តស្វាយរៀង៖ មានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ត្រាក់ហើយពេលនោះស្រាប់តែមានរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងបណ្ដាលឲ្យសត្វគោរបស់ប្រជាពលរដ្ឋ២ក្បាលបានងាប់យ៉ាងទាន់ហន់នៅកណ្ដាលស្រែ តែសំណាងល្អដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ចំពោះម្ចាស់គោមានឈ្មោះ ពេជ្រ ដា ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងឈ្មោះថង ស៊ា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។
ប្រភពដដែលបានឱ្យដឹងទៀតថា ករណីរន្ទះបាញ់នេះសំណាងមិនមានមនុស្សក្នុងភូមិណាម្នាក់រងគ្រោះដល់អាយុជីវិតនោះទេ ខណ៖សមត្ថកិច្ចមូលដ្ឋានធ្លាប់បានសំណូមពរដល់បងប្អូនអ្នកភូមិបើមានភ្លៀងខ្យល់និងរន្ទះសូមប្រញាប់ប្រញាល់រត់ជ្រកនៅទីទួលសុវត្ថិភាពនិងមិនត្រូវនៅក្បែរលោហធាតុឬត្រូវបិទទូរសព្ទ័ជាបន្ទាន់ព្រោះងាយរងគ្រោះថ្នាក់ណាស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់សត្វគោទាំង២ក្បាលនោះ ឱ្យម្ចាស់ភ្លាមៗផងដែរ៕ដោយ៖ យឹម សុថាន