ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំនាវេលាមោង៩ព្រឹក ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញក្នុងពិធីប្រកាសបើក ” យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត” ។

ក្នុងឱកាសនោះ លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានអានសន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់សមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានល្អ។

លោកប្រធានសាលាដំបូងបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បើកកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ នាពេលនេះដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ: ០១ កយ.សណន/២០ របស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញនូវ “យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត” ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងគោលបំណងពន្លឿនការរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ ។ ដើម្បីធានាឱ្យយុទ្ធនាការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងដោយផ្អែកលើស្មារតី នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងសារាចរពាក់ព័ន្ធនានា ក្រសួងយុត្តិធម៌ បានធ្វើការណែនាំ នូវគោលការណ៍សំខាន់ៗចំនួន៣ ៖
១.អំពីគោលការណ៍ នៅដំណាក់កាលអយ្យការ
២.អំពីគោលការណ៍ នៅក្នុងដំណាក់កាលស៊ើបសួរ
៣.អំពីគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ។ ដូច្នេះនៅខេត្តកំពង់ធំយើងនេះត្រូវតែបំពេញការងារតាមសេចក្តីណែនាំនេះឲ្យបានជោគជ័យ៕ដោយ៖ប្រាថ្នា


ចែករំលែក៖