ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ជូស៊ែល ជេហ្សូនីហ្គា (Josel J. Zuniga ) ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីរូបលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលពិធីនេះបានរៀបចំធ្វើនៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃអង្ការ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិងទី២៦ ខែឧសភា ឆ្នាំ២០២០ ។ នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរ គុណចំពោះលោកវរសេនីយ៍ដែលបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចសហប្រតិបត្តិការល្អធ្វើឱ្យមានទំនាក់ទំនងកាន់តែប្រសេីររវាងកម្ពុជា -ហ្វុីលីពីន ពិសេសបន្ទាប់ពីលោកអនុរដ្ឋមន្ត្រីការពារជាតិអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកន្លងមក ។
លោកវរសេនីយ៍ឯកJosel J. Zuniga ក្នុងនាមក្រសួងការពារជាតិក៏ដូចជានាយសេនាធិការនៃកងទ័ពហ្វីុលីពីន បានសម្តែងនូវគារវកិច្ចចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពយើងទាំងពីរកម្ពុជា-ហ្វុីលីពីន និងសម្របសម្រួលការងាររបស់លោករយៈពេលបីឆ្នាំកន្លងមក។ នាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ចំពោះលោកវរសេនីយ៍ ឯកJosel J. Zuniga ក្នុងការបំពេញការងារនៅកម្ពុជា គឺមានទំនាក់ទំនងល្អនិងមានកិច្ចសហប្រតិបត្តិការល្អធ្វើឱ្យប្រទេសយើងពីរ កម្ពុជា-ហ្វុីលីពីន មានទំនាក់ទំនងកាន់តែប្រសើរថែម ទៀត។
ក្នុងឱកាសនោះលោករដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិបានបំពាក់មេដាយជូនលោកវរសេនីយ៍ឯកផងដែរ។សុខដុម