ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់បើករថយន្ត Range Rover ស៉ីញ៉ូឆ្វេងបត់មិនផុតកៀររថយន្តក្រឡុកស៊ីម៉ងត៍រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្ត Range Rover ស៉ីញ៉ូបត់ឆ្វេងតែបត់មិនផុតកៀររថយន្តក្រឡុកស៉ីម៉ងត៍ពីខាងមុខបណ្ដាលឲ្យរងការខូចខាតតិចតួច បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចរង្វង់មូលកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញរថយន្តក្រឡុកស៉ីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1750 ធ្វើដំណើរតាមរង្វង់មូលកួចកាណុងទៅត្រង់ក្នុងទិសដៅពីជើងទៅត្បូងសំដៅទៅផ្លូវទំនប់៧០ ខណៈមកដល់ចំណុចកើតហេតុខាងលេី ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6868 បើកបរដោយបុរសជនជាតិចិនម្នាក់ បានបើកវ៉ារថយន្តក្រឡុកស៊ីម៉ងត៍ពីក្រោយផ្នែកខាងស្តាំដោយស៉ីញ៉ូបត់ឆ្វេងមិនផុតក៏កៀររថយន្តក្រឡុកស៉ីម៉ងត៍ខាងមុខ បណ្តាលឲ្យរងការខូចខាតតិចតួច តែហេតុការណ៍នេះមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានព្យាយាមជួយសម្របសម្រួលភាគីទាំងសងខាងព្រោះមើលទៅឃើញប៉ះបន្តិចបន្តួច ។ ដោយសារការសម្របសម្រួលរបស់សមត្ថកិច្ចភាគីទាំងពីរបានយល់ព្រមស្មើគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖