ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខក្រុងហុងកុង គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ គឺផ្ដល់​ការធានា​ថា​សេរីភាព និង​សិទ្ធិ​មូលដ្ឋាន​ដទៃទៀត​ នឹងមិន​រង​ផលប៉ះពាល់​ឡើយ

ចែករំលែក៖

ទីក្រុងហុងកុង៖ ប្រមុខទីក្រុងអ្នកស្រី ការី ឡាំ បានបញ្ជាក់ថា គម្រោងបង្កើតច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង គឺបានផ្ដល់ការធានាថាសេរីភាពនិងសិទ្ធិមូលដ្ឋានដទៃទៀតរបស់ហុងកុង នឹងមិនរងផលប៉ះពាល់ឡើយគម្រោងបង្កើតច្បាប់សន្តិសុខជាតិនេះដែល បង្កឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ ខណៈប្រទេសខ្លះ និងក្រុមសកម្មជនដែលគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង បានបង្ហាញក្ដីបារម្ភពីឥទ្ធិពលរបស់សេចក្ដីព្រាងច្បាប់នេះលើសិទ្ធិសេរីភាពរបស់ហុងកុង

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង អ្នកស្រី ការីឡាំ បានចេញមុខនិយាយការពារគម្រោងបង្កើតច្បាប់សន្តិសុខជាតិមួយដែលត្រូវអនុវត្តនៅហុងកុងពីសំណាក់រដ្ឋាភិបាលមជ្ឈិម ខណៈមានសំឡេងប្រឆាំងការបង្កើតច្បាប់បែបនេះ អ្នកស្រី ឡាំ និយាយថា ហុងកុងត្រូវការច្បាប់បែបនេះដើម្បីប្រយោជន៍ធំធេងរបស់ប្រជាជនក្នុងទីក្រុង

អ្នកស្រី ឡាំ បានអះអាងទៀតថា សេរីភាពហុងកុង នឹងត្រូវបានការពារហើយភាពរស់រវើករបស់ហុងកុងលើផ្នែកនីតិរដ្ឋ ឯករាជ្យភាពប្រព័ន្ធតុលាការនិងសិទ្ធិសេរីភាពច្រើនទៀតរបស់ហុងកុង នឹងនៅតែបន្តមានដដែលមេដឹកនាំទីក្រុងហិរញ្ញវត្ថុមួយនេះ ក៏ស្នើឲ្យអ្នកដែលបង្ហាញក្ដីបារម្ភលើគម្រោងបង្កើតច្បាប់សន្តិសុខ រង់ចាំដល់ពេលឃើញឯកសារច្បាប់សិន ចាំមានប្រតិកម្មតាមក្រោយ

«​ការធានានេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្ដីព្រាង ក៏ដូចជាការពន្យល់របស់ថ្នាក់ដឹកនាំសភាប្រជាជនចិន មិនមានការចាំបាច់អ្វីដែលយើងត្រូវបារម្ភឡើយ​» នេះជាការបញ្ជាក់របស់អ្នកស្រី ឡាំ ដោយសំដៅកិច្ចប្រជុំសភាប្រជាជនចិនដែលកំំពុងធ្វើនៅឯទីក្រុងប៉េកាំង រឿងក្ដីបារម្ភទៀតសោត ប្រធានប្រតិបត្តិរូបនេះ បកស្រាយថា អ្នកដែលត្រូវបារម្ភ គឺមនុស្សមួយក្ដាប់តូចដែលបំពានច្បាប់ដើម្បីរៀបចំនិងចូលរួមសកម្មភាពភេរវកម្មប្រឆាំងអំណាចរដ្ឋ

ទីក្រុងប៉េកាំង ចង់បានច្បាប់សន្តិសុខជាតិនៅពេលនេះ ក្រោយអស់ការអត់ធ្មត់នឹងការតវ៉ានៅហុងកុងកាលពីឆ្នាំកន្លងទៅ ដែលពេលខ្លះប្រែទៅជាហិង្សាផងដែរ ច្បាប់ថ្មី នឹងហាមឃាត់ការផ្ដាច់ខ្លួន វិទ្ធង្សនា ភេរវកម្ម និងការលូកដៃរបស់បរទេសក្នុងទីក្រុងនេះ ជានីតិវិធី សភាប្រជាជនចិន នឹងអនុម័តសេចក្ដីសម្រេចមួយដែលបើកផ្លូវឲ្យគណៈអចិន្ត្រៃយ៍សភាប្រជាជនតាក់តែងសេចក្ដីព្រាង រួចអនុម័តតែម្ដងបន្ទាប់មក ច្បាប់នេះអាចអនុវត្តបានដោយមិនចាំបាច់ឆ្លងសភាទីក្រុងនេះឡើយ

គម្រោងបង្កើតច្បាប់នេះ ក៏នាំឲ្យការឆ្លើយឆ្លងពាក្យសម្តីរវាងប៉េកាំង និងវ៉ាស៊ីនតោនរហូតមានការគំរាមដាក់ទណ្ឌកម្មទៀតផង ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអាមេរិក ព្រមានថា អាមេរិកនឹងដកឋានៈពាណិជ្ជកម្មពិសេសពីហុងកុង បើច្បាប់នេះលេចជារូបរាង ប៉ុន្តែប៉េកាំងឆ្លើយវិញថា ខ្លួនក៏មិននៅស្ងៀមដែរ បើផលប្រយោជន៍នៅហុងកុងមានបញ្ហា៕ដោយ៖ស តារា


ចែករំលែក៖