ខេត្តឧត្ដរមានជ័យ៖ពិតជាអកុសលណាស់ដែលបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ជាមួយសត្វឆ្កែខណ:មេឃភ្លៀងលាយឡំនិងផ្គររន្ទះ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃសុក្រ ៨កេីត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ ក្រោយបាត់ខ្លួនជនរងគ្រោះមួយយប់ ។
សមត្ថកិច្ចនគរបាលស្រុកចុងកាល់បានឲ្យដឹងថា មានករណី រន្ទះបាញ់ស្លាប់មនុស្ស ១នាក់និងងាប់សត្វឆែ្ក ១ក្បាលកើតឡើងនៅចំណុចខាងលិចភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្រោយពីទទួលបានដំណឹងនេះ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅពិនិត្យសាកសពនៅនិងកន្លែងកើតហេតុ បានបញ្ជាក់ថាសាកសព ឈ្មោះ រើត រៀន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិគោកសំរេច ឃុំ ក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរកសិករ ។
បើតាមការចុះត្រួតពិនិត្យរបស់សមត្ថកិច្ច នៅកន្លែងកើតហេតុ សាកសពបានស្លាប់នៅវាលស្រែ នៅលើរាងកាយសាកសពមានស្នាមខ្មៅ ឆេះ រោល ដូចភ្លើងរោល ។រីឯសត្វឆ្កែងាប់នៅខាងត្បូងសពប្រមាណ៥ម៉ែត្រដោយសាររន្ទះបាញ់ពេលទៅប្រមាញ់សត្វព្រៃ។
តាមការបំភ្លឺរបស់ ឈ្មោះ ភ្លឿយ សុគុណ ភេទស្រី អាយុ ២៣ ឆ្នាំ (ត្រូវជាប្រពន្ធរបស់សព)បានប្រាប់ថា ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង៤រសៀល ពេលនោះមានភ្លៀងធ្លាក់ប្តីរបស់ខ្លួនបានហៅ ឆ្កែនិងនាំដើរផ្លែសំរងនៅខាងលិចភូមិ។លុះរហូតដល់ព្រលប់ពុំឃើញប្តីមកវិញនិងរហូតទល់ភ្លឺក៍មិនឃើញដែរ។
លុះព្រឹកឡើងបានប្រាប់បងប្អូនឲ្យជួយដើររកក៏បានប្រទះឃើញប្តីរបស់ខ្លួននិងសត្វឆ្កែ ១ក្បាល ដេកស្លាប់នៅវាលស្រែខាងលិចភូមិគោលតែម្តង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងយោងតាមការពិនិត្យ និងការបំភ្លឺពីប្រពន្ធសព ឃើញថាសាកសពពិតជាស្លាប់ដោយសារ រន្ទះបាញ់ប្រាកដមែន។ មូលហេតុ បណ្ដើរឆ្កែ ទៅប្រមាញ់សត្វព្រៃនិងរើសផ្លែសំរងនៅពេលមានភ្លៀងខ្យល់ផ្គររន្ទះ ។
ក្រោយពីបានពិនិត្យសពរួចរាល់ សមត្ថកិច្ចបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ប៉ែន នួន