ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ត្រូវបានហាមឃាត់ដោយសម្ព័ន្ធមិត្ត ក្នុងការស្នើសុំជំនួយពីប្រទេសរុស្ស៊ី តស៊ូប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស

ចែករំលែក៖

អន្តរជាតិ ៖ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភាម្សិលមិញនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាវិមានក្រឹមឡាំងមានការសោកស្តាយដែលប្រទេសមួយចំនួននៅសហភាពអឺរ៉ុបត្រូវបានហាមឃាត់ដោយសម្ព័ន្ធមិត្តរបស់ពួកគេពីការស្នើសុំជំនួយពីប្រទេសរុស្ស៊ី ក្នុងការតស៊ូប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស។

លោក Peskov និយាយថា «វិមានក្រឹមឡាំងបានប្រតិកម្មចំពោះរឿងនេះដោយការសោកស្តាយ ជាការពិត យើងបានទទួលព័ត៌មានបែបនេះជាយូរមកហើយ។ យើងដឹងថា នៅតាមរដ្ឋធានីអឺរ៉ុបមួយចំនួន ឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនទទូចឱ្យមេដឹកនាំនៃប្រទេសទាំងនេះបដិសេធគ្រប់មធ្យោបាយទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីនៅក្នុងផ្នែកជំនួយមនុស្សធម៌។

អ្នកនាំពាក្យរូបនោះបន្តថា «ឯកអគ្គរដ្ឋទូតខ្លះជំទាស់នឹងវិន័យនៃអាកប្បកិរិយាការទូត ដើម្បីទាមទារឱ្យប្រទេសម្ចាស់ផ្ទះបដិសេធជំនួយដែលត្រូវបានផ្តល់ឱ្យ ឬកំពុងផ្តល់ឱ្យ។ នេះគឺជាការសោកស្តាយជាគោលការណ៍ ហើយអាចបណ្តាលឱ្យមានការសោកស្តាយនិងការយល់ច្រឡំជាពិសេសនៅពេលនេះដែលមិនមែនជាពេលវេលាងាយស្រួលសម្រាប់ពិភពលោកទាំងមូលទេផ្ទុយទៅវិញ យើងកំពុងត្រូវការជំនួយ និងការជឿទុកចិត្តគ្នាទៅវិញទៅមក»

នៅមុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងអត្ថបទមួយសម្រាប់កាសែតចិន Global Daily ថា បណ្តាប្រទេសលោកខាងលិចមួយចំនួនត្រូវបានហាមឃាត់ដោយសម្ព័ន្ធមិត្តរបស់ពួកគេពីការស្វែងរកជំនួយរបស់រុស្ស៊ីក្នុងការតស៊ូប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

លោក Lavrov បាននិយាយថា មានការចោទប្រកាន់មិនសមហេតុផលដែលថា ប្រទេសរុស្ស៊ីមានបំណងចង់ប្រើកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងវេជ្ជសាស្រ្តដើម្បីបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន៕ដោយ៖សតារា


ចែករំលែក៖