អាមេរិក៖ បណ្តញសង្គមដ៏ល្បីល្បាញនៅអាមេរិក គឺ Twitter បាន«ចាក់សាំងបន្ថែមលើភ្លើងកំពុងតែឆេះ» ក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយប្រធានាធិបតីត្រាំ ។ Twitter បាន បោះត្រាព្រមាន លើអត្ថបទរបស់លោកត្រាំ ដែលសរសេរមានខ្លឹមសារញុះញងឱ្យមានអំពើហិង្សា។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២៩ខែឧសភា Twitter បានបោះត្រាព្រមាន«ខ្លឹមសារមានហិង្សា»ទៅលើអត្ថបទរបស់លោកត្រាំ ដែលបានបង្ហោះលើបណ្តាញសង្គមនេះ។ អត្ថបទរបស់លោកត្រាំបានសរសេរពាក់ព័ន្ធនឹងបាតុកម្ម នៅទីក្រុងMinneapolis រដ្ឋ Minnesota ត្រូវបានបណ្តាញសង្គមចាត់ទុកថា បានបំពានច្បាប់របស់ Twitter ។ ប៉ុន្តែ បណ្តាញសង្គមនេះមិនបានដកអត្ថបទ«ហិង្សា»របស់លោកត្រាំចេញឡើយ គ្រាន់តែបោះត្រាព្រមាន ហើយរក្សានៅដដែលឲ្យមហាជនបានឃើញ។
លោកត្រាំបានសរសេរនៅលើបណ្តាញសង្គមTwitter ថា«ក្រុមជនកាចសាហាវកំពុងតែបំផ្លាញការគោរពដល់ជនរងគ្រោះGeorge Floyd ហើយខ្ញុំនិងមិនទុកឲ្យរឿងនោះកើតឡើងឡើយ ។ ខ្ញុំបាននិយាយទៅកាន់អភិបាលរដ្ឋTim Walz ថា កម្លាំងទាហាន សន្តិសុខ តែងរួមដំណើរជាមួយលោក បើទោះបីមានឧបសគ្គអ្វីក្តី។ យើងនឹងគ្រប់គ្រងស្ថានភាព នៅពេលមានការឆក់ប្លន់កើតឡើង អាវុធនិឹងផ្ទុះ»។
ស្ថានភាពផ្ទៃក្នុងទឹកដីអាមេរិក កាន់តែតានតឹង ក្នុងពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់តែខិតជិតមកដល់ ។ លោកត្រាំត្រូវបានគេចាត់ទុកថាជាប្រធានាធិបតី ដែលមានជម្លោះជាមួយអ្នកសារព័ត៌មាន ជាបន្តបន្ទាប់។ នៅថ្ងៃទី២៩ ខែឧសភានេះដែរ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនអ្នករាយការណ៍ផ្ទាល់របស់បណ្តាញព័ត៌មានCNN ពេលកំពុងផ្សាយទិដ្ឋភាពបាតុកម្ម៕
ដោយ៖ធី រីណា