ភ្នំពេញ៖ មានករណីជាសះស្បើយ១នាក់ស្ត្រីជនជាតិខ្មែរអាយុ ៣៨ឆ្នាំមានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលបានវិលត្រឡប់មកពីសហអាមេរិកបានព្យាបាលជាសះស្បើយដោយទទួល បានផលអវិជ្ជមានចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី ២៩ខែឧសភាឆ្នាំ ២០២០ រួចហើយ។
ចំពោះករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់នៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ គឺបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំរស់នៅភូមិរកាពរ ៥ ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបាន ចូលរួមសិក្សាសាសនានៅសាលាមួយនៅខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានធ្វើត្រឡប់មកពីប្រទេសថៃវិញដែលបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២ កៅអីមានតែក្រុមគាត់១០នាក់ និងអ្នកបើកបររហូតដល់ច្រកចូលអូរបីជាន់រួចបានឆ្លងចូលកម្ពុជានៅថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២០។
សូមបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន១២៥ករណីហើយ ដែលក្នុងនោះ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង២នាក់ (បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕ដោយ៖សុខ ខេមរា