ខេត្តត្បូងឃ្មុំ ៖ ដោយសារតែបាត់ដំណឹងយូរពេកមិនឃេីញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាចុះរាវរកនៅក្នុងរណ្តៅដីដែលជនរងគ្រោះធ្លាប់ដាក់មង ទីបំផុតស្រាប់តែរកឃេីញសពជនរងគ្រោះលង់ស្លាប់នៅក្នុងនោះដែលជាកន្លែងគេបំផ្ទុះយកថ្ម។
ករណីបាត់ខ្លួនជនរងគ្រោះនេះធ្វើឲ្យក្រុមសាច់ញាតិនិងអ្នកភូមិផ្អើលឆោឡោនាំគ្នាចុះរាវរករហូតដល់វេលាម៉ោង៩ និង៤០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ទើបរកឃើញសពលង់ទឹកស្លាប់ក្នុងរណ្ដៅដី ខណៈដែលករណីនេះក្រុមគ្រួសារបានបាត់ដំណឹងជនរងគ្រោះតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះឈ្មោះយិន សុខុន ភេទ ប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។
ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី២ និងគ្រូពេទ្យមណ្ឌលសុខភាពជីរោទ៍ទី២ បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវរួចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ រួចហេីយប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ