ព័ត៌មានទាន់ហេតុការណ៍៖

រយ:ពេល២៩ថ្ងៃរកឃើញ យានយន្ត៤២.៣៧៦គ្រឿង ល្មើសច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា រយ:ពេល២៩ថ្ងៃគិតពីថ្ងៃទី០១ដល់២៩ខែឧសភានៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តបានចំនួន ៤២.៣៧៦គ្រឿង ក្នុងនោះម៉ូតូ ៣០.៩២០គ្រឿង និងរថយន្តគ្រប់ប្រភេទ ១១.៤៥៦គ្រឿង។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ដោយឡែកសម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨លើក ស្លាប់៥នាក់ របួស១៨នាក់ (របួសធ្ងន់១១នាក់)។
សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះដែរ មានយានយន្ត ១.៤៨០គ្រឿង ត្រូវបានត្រួត ពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ១០៦៩គ្រឿង ខណៈរថយន្តមានចំនួន ៤១១គ្រឿង។

ចំណែកបទល្មើសដែលកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់មន្រ្តីនគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ប្រាថ្នា


ចែករំលែក៖