ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌដូនពេញ ទៅជាអធិការរងនគរបាលខណ្ឌចំការមនវិញ នាពេលថ្មីៗនេះ ។
នេះបើយោងតាមសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។
ក្រោយពីសម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ចនេះមក , លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ បានកើតទុក្ខមិនសុខចិត្តនោះទេ ដោយបន្តហែកកេរ្តិ៍ថ្នាក់ដឹកនាំខណ្ឌដូនពេញ និងសូមឱ្យថ្នាក់លើជួយរកយុត្តិធម៌ឱ្យរូបលោក ខណៈដែលលោកត្រូវបានផ្ទេរភារកិច្ចទាំងមិនដឹងខ្លួន និងបានចោទជាសំណួរថា តើលោកខុសអ្វី ?
យោងតាមគណនីហ្វេសប៊ុកឈ្មោះថា « Houth Pisith» បានបង្ហោះកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ថា «ទើបតែល្បាតជាមួួយខ្ញុំ ខ្ញុំបានឱ្យគាត់ទៅសម្រាកមុនគេ ព្រោះឃើញគាត់ចាស់ជាងគេ ហើយគាត់ប្រាប់ខ្ញុំថា បានសរសេរបែបបទចូលនិវត្តន៍ហើយ មន្ត្រីល្អស្លាប់អស់៤នាក់ហើយខណ្ឌដូនពេញ មន្រ្តីល្អដូចខ្ញុំ ត្រូវគេកម្ចាត់ចេញដោយមិនដឹងខ្លួន អ្នកស្លាប់ជាមនុស្សល្អ ដូចជា អធិការរង នាយផ្នែក រងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ ជាអាទិ៍»។
លោក ហួត ពិសិដ្ឋ បន្តថា «តើខណ្ឌដូនពេញវាចង្រៃអី មេដឹកនាំច្រើនហើយមិនដែលចឹងទេ ។ សូមមិនចោទលើមេដឹកនាំណាមួយទេបាទ និយាយតាមការណ៍ពិតជាក់ស្តែង សូមមហាជន ឬ ប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញគិតពិចារណា ក៏ដូចជាមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញទាំងមូល ។ សូមថ្នាក់ដឹកនាំរកយុត្តិធម៌ឱ្យខ្ញុំផង រឿងអីផ្លាស់ប្តូរខ្ញុំដោយសាមីខ្លួនមិនដឹងខ្លួន តើខ្ញុំខុសអី ?» ។
ជាចុងក្រោយ លោក ហួត ពិសិដ្ឋ សូមឱ្យអធិការកិច្ចចុះស្រាវជ្រាវពិនិត្យខណ្ឌដូនពេញផង ហើយលោកនឹងបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយទៀត បើមិនប្រក្រតី ឬ អង្គភាពពាក់ព័ន្ធមិនអើពើ ។
មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើនឹងមានអ្វីកើតឡើងទៀត ខណៈដែលលោក ហួត ពិសិដ្ឋ នៅតែបន្តហែកកេរ្តិ៍ថ្នាក់ដឹកនាំខណ្ឌដូនពេញ បែបនេះ ?៕ដោយ៖ចេស្ដា