ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់យកដាវកាប់ទៅលើបុរសម្នាក់របួសយ៉ាងដំណំរួចយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖  បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ជិះម៉ូតូតាមពីក្រោយរួចយកដាវកាប់បណ្ដាលឲ្យរបួសយ៉ាងដំណំ ហើយបន្ទាប់ពីកាប់រួចក្រុម ជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល​។ ករណីលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅវេលាម៉ោង២៣:០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដំរីស្រុត ស្ថិតក្នុងភូមិក្តីចាស់ ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នា២នាក់ ពុំស្គាល់អត្តសញ្ញាណ។ ដោយឡែកសម្ភារបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០។ 

    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងឈ្មោះ ឡេង លីណា ភេទស្រី បានជិះម៉ូតូមកផឹកស្រានៅសួនដំរីស្រុត ស្ថិតក្នុងភូមិក្តីចាស់ ឃុំព្រែកហ្លួង។ លុះមកដល់វេលាម៉ោង២៣ៈ០០នាទីថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូឌុបឈ្មោះ ឡេង លីណាត្រលប់ទៅផ្ទះវិញ ពេលជិះចេញបាន២០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកតាមពីក្រោយ ហើយជនសង្ស័យ ម្នាក់បានយកដាវកាប់ទៅលើជនរងគ្រោះជាច្រើនដាវបណ្តាលឲ្យរងរបួសនិងដួលម៉ូតូទៅលើផ្លូវ បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបកមកក្រុមហ៊ុន7NGវិញ ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅព្យបាលរបួសនៅគ្លីនិកឯកជននៅឃុំអរិយក្សត្រ ស្រុកល្វាឯម។

     ករណីនេះ កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកហ្លួង,​វិហារសួគ៌ និងប៉ុស្តិ៍សន្លុង ចុះធ្វើអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យចាប់យកមកចាត់ការតាមច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖