La Liga របស់អេស្ប៉ាញនឹងបន្តលេងនៅថ្ងៃទី១១ ខែមិថុនា និងថ្ងៃបញ្ចប់នៅថ្ងៃទី១៨-១៩ ខែកក្កដា។
ចំណែករដូវកាលថ្មី២០២០-២០២១នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។
នាយកដ្ឋានកីឡារបស់រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ចេញសេចក្តីសម្រេចជាផ្លូវការជាមួយក្រុម La Liga និងសហព័ន្ធបាល់ទាត់អេស្បាញ (RFEF) ។
លោក Javier Tebas ប្រធាន La Liga បាននិយាយថា “រឿងសំខាន់គឺនៅពេលរដូវកាលបញ្ចប់ យើងនឹងចាប់ផ្តើមរដូវកាលថ្មីឲ្យបានឆាប់។ រដូវកាលថ្មីត្រូវចាប់ផ្តើមនៅខែកញ្ញា ជាពេលដ៏លំបាកបំផុត ប៉ុន្តែយ៉ាងហោចណាស់យើងនឹងត្រៀមខ្លួនបានល្អជាងនេះ” ។
លោក Javier Tebas បានបន្តថា “ការសាកល្បងផ្សាយផ្ទាល់កំពុងត្រូវបានធ្វើឡើង ដូច្នេះអ្នកគាំទ្រមានជំរើសគឺការទស្សនាការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍។ អ្នកដែលមើលនៅផ្ទះអាចជ្រើសរើសជម្រើសពីរគឺភាពស្ងៀមស្ងាត់ ដោយគ្មានសំលេងរំខាន ដើម្បីការពារការឆ្លងកូវីដ១៩” ។
គួររំលឹកថា កីឡាករនៅអេស្ប៉ាញទាំងអស់បានចាប់ផ្តើមហ្វឹកហាត់ជាក្រុមមិនលើសពី១០ នាក់កាលពីសប្តាហ៍មុន គឺដើម្បីឈានទៅការហ្វឹកហាត់ជាក្រុមពេញលេញប្រសិនបើការធ្វើតេស្តសម្រាប់កីឡាកររួចរាល់ទាំងអស់គ្នា ។ ក្រុមការពារតំណែងជើងឯក Barcelona កំពុងនាំមុខតែ២ពិន្ទុប៉ុណ្ណោះលើក្រុម Real Madrid ដោយនៅសល់១១ប្រកួតទៀតទើបចប់រដូវកាលនេះ ៕
ដោយ៖ភារៈ