ព័ត៌មានទាន់ហេតុការណ៍៖

Barcelona នឹងបន្តការពារតំណែងជើងឯកពេលប៉ះ Real Mallorca នៅថ្ងៃទី១៣ ខែមិថុនា

ចែករំលែក៖

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona នឹងបន្តការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញ La Liga របស់ពួកគេជាមួយនឹងក្រុម Real Mallorca ក្នុងការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ បន្ទាប់ពីផ្អាកជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅថ្ងៃចន្ទនេះ ។

បាល់ទាត់ត្រូវបានផ្អាកនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១២ ខែមីនា ប៉ុន្តែនាយករដ្ឋមន្រ្តីលោក Pedro Sanchez បាននិយាយថា ការប្រកួតលីគបាល់ទាត់នៅអេស្ប៉ាញអនុញ្ញាតបន្តការប្រកួតឡើងវិញនៅថ្ងៃទី១១ ខែមិថុនានេះ ។

Barcelona នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Real Mallorca នៅថ្ងៃទី១៣ ខែមិថុនា ពោលគឺ២ថ្ងៃបន្ទាប់ពីរដូវកាលនេះចាប់ផ្តើមឡើងវិញ ដែលក្រុមដំបូងគេត្រូវប៉ះគ្នាគឺក្រុមReal Betis ត្រូវប៉ះ Sevilla ។

ក្រុមអធិរាជស Real Madrid ដែលតាមពីក្រោយក្រុមកំពូលតារាង Barcelona តែ២ពិន្ទុនោះនឹងប្រកួតបើកឆាកប្រកួតដំបូងរបស់ខ្លួននៅថ្ងៃទី១៤ មិថុនាទល់នឹងក្រុម Eibar ។

អ្នករៀបចំកម្មវិធីប្រកួតបានបង្ហាញព័ត៌មានលម្អិតអំពីការរៀបចំការប្រកួតពីរជុំដំបូងប៉ុណ្ណោះ បើទោះបីជាប្រធានក្លឹប La Liga លោក Javier Tebas បានបញ្ជាក់ថា នឹងមានការប្រកួតរៀងរាល់ថ្ងៃនៃសប្តាហ៍នីមួយៗរហូតដល់រដូវកាលនេះត្រូវបានបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា។

Barcelona ក៏ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Leganes នៅថ្ងៃទី១៦ មិថុនា ។ ចំណែក Real Madrid នឹងធ្វើជាម្ចាស់ផ្ទះដែរស្វាគមន៍ក្រុម Valencia នៅថ្ងៃទី១៨ ខែមិថុនា។

សូមបញ្ជាក់ថា ក្របខ័ណ្ឌអេស្ប៉ាញ La Liga នឹងក្លាយជាលីគទី ២នៃលីគកំពូលទាំង ៥ របស់អឺរ៉ុបដែលចាប់ផ្តើមដំណើរការប្រកួតឡើងវិញបន្ទាប់ពីការពន្យារពេលដោយសារជំងឺកូវីដ-១៩ ។ ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានចាប់ផ្តើមប្រកួតមុនគេនៅខែឧសភា ខណៈដែលក្របខ័ណ្ឌអង់គ្លេស Premier League គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខ ៕ដោយ៖ភារៈ


ចែករំលែក៖