ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អនុញ្ញាត ឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតែងប្រចាំបណ្តាប្រទេសអង់គ្លេស ស៊ែប៊ី តូកគី បារំាង ឡាវ កូរ៉េខាងត្បូង អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងសឹង្ហបូរី ចូលសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំមុនចេញទៅបំពេញបេសកកម្មការទូតក្រៅប្រទេស នាព្រឹកថ្ងៃចន្ទ ទី១ ខែ មិថុនា ឆ្នាំ២០២០នៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងនោះ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំទោះក្នុងកាលៈទេសៈណាក៏ដោយត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ចនូវអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណីជាតិ និងវប្បធម៌ផូរផង់របស់ខ្មែរ និងត្រូវពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរនិងស្អិតរមួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រទេសជាតិ និងប្រជាជន។
សម្តេចអគ្គមហាពញាចក្រី បានជំរុញដល់ឯកអគ្គរាជទូតទំាងអស់ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅ វិញទៅមករវាងស្ថានទូតនិងប្រជាពលរដ្ឋខ្មែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់លោក លោកស្រី ដែលតំណាងឱ្យរាជរដ្ឋាភិបាកម្ពុជានៅលើឆាកអន្តរជាតិថា ត្រូវធ្វើការពន្យល់ឱ្យបានច្បាស់លាស់ ក្នុងកាលទេសៈបច្ចេកវិទ្យាព័ត៌មានវិវឌ្ឍន៍យ៉ាងឆាប់រហ័យបច្ចុប្បន្ន និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនេះ ឯកអគ្គរាជទូត ត្រូវមានភាពអន្តរសកម្មជានិច្ចជាមួយឯកអគ្គរដ្ឋទូត-រាជទូតនៃបណ្តាប្រទេសនានា និងត្រូវក្តាប់ឱ្យបានច្បាស់នូវសភាពការណ៍ និងព័ត៌មាន ចំពោះទង្វើបំភ័ន្តមតិឯមហាជន អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស របស់កម្ពុជា ដែលមតិអគតិខាងក្រៅ តែងតែបំផ្លើសការពិត មកលើរាជរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែងអំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស ហើយត្រូវបង្ករលក្ខណៈងាយស្រួលលើសេវាកម្មនានារបស់ស្ថានទូត ៕សហការី