ភ្នំពេញ៖ បុរសពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ារថយន្តមួយគ្រឿងមិនផុតក៏ទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាកិនទាំងកំរោល ។
គ្រោះថ្នាក់ចរាចេណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនរងគ្រោះស្លាប់ទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល1A-1129 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល1A-1129 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ។លុះមកដល់ចំណុចកើតហេតុខាងលើខណៈមេឃកំពុងភ្លៀងខ្លាំងផងនោះ ក៏បានបើកវ៉ារថយន្តមួយគ្រឿងមកខាងឆ្វេងដៃមិនផុតបណ្តាលឲ្យប៉ះដៃចង្កូតដួលទៅនិងថ្នល់ស្របពេលមានមួយរថយន្តមួយគ្រឿងប្រភេទយីឌុបពណ៌ទឹកប្រាក់ គ្មានស្លាកលេខបើកបញ្ច្រាស់ទិសដៅគ្នាពិជើងទៅត្បូង ក៏កិនបែកក្បាលធ្លាយខួរស្លាប់ទាំងពីរនាក់នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេបានព្យាយាមបើករត់ប្រមាណជាង ២០០ម៉ែត្រយកទៅប្លុងចោលនៅក្នុងដីឡូត៍មួយកន្លែងរួចអ្នកបើកបររថយន្តបានដោះស្លាកលេខរថយន្តចេញបាត់រួចគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដទៅរក្សាទុកនៅវត្តទឹកថ្លាក្រោយមកក៏មានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ៖ចន្ទ លីហ្សា