ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានអោយដឹងថា៖ រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។

បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ៕ដោយ៖សិលា


ចែករំលែក៖