ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន កៃឡា បុកម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងរងរបួសធ្ងន់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើរបុកម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់នារីម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣និង៣៥នាទី រសៀល  ថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២០ នៅតាមបណ្តោផ្លូវជាតិលេខ៦ មុខផ្សារព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បើតាមសម្ដីពីបុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច ខណះមកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុង របស់ក្រុមហ៊ុន កៃឡា ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868បើកបរដោយបុរសម្នាក់  មកពីក្រោយយ៉ាងលឿនបុកពីក្រោយ ម៉ូតូកង់បី(តុតុ)របស់គាត់ពេញទំហឹង រុញបន្តទៅបុក ម៉ូតូ Zommer-X ពាក់ស្លាកលេខភ្នំពេញ 1FC-7317  ដែលជិះស្របទិសគ្នា នៅខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូដួលបត់ក្បាលម៉ូតូទៅក្រោយ ធ្វើអោយម៉ូតូកង់បី កាច់ចង្កេះ   ក្រឡាប់សង្កត់លើម៉ូតូនារីរងគ្រោះ របួសធ្ងន់ និងទៅប៉ះម៉ូតូម៉ាក ហុងដារឌ្រីមសង់សេ១២៥ ស៊េរី ០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-5117 ដែលចតនៅមុខកន្លែងលក់ទូរស័ព្ទបណ្តាលឲ្យ

ដួល ខូចខាតបន្តិចបន្ទួច។

បន្ទាប់ពីបង្ករភ្លាម រថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បើកបរបន្តទៅមុខប្រមាណជាង១០០ម៉ែត្រទើបមានប្រជាពលរដ្ឋជួយឃាត់ជាប់ទាំងអ្នកបើកបរនឹងរថយន្ត ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបាន រថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែត្រ មកដឹកទៅសង្គ្រោះ ។

ចំណែករថយន្តបង្ក  ម៉ូតូសណ្តោងរ៉ឺម៉ក នឹងម៉ូតូ២គ្រឿងទៀត ត្រូវបានជំនាញ ចរាចរខណ្ឌ សហការជាមួយចរាចរស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែង យកទៅរក្សាទុកអធិការដ្ឋានខណ្ឌជ្រោយចង្វារងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖