ថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២០ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ (Pi Pay) ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានស្ម័គ្រចិត្តធ្វើសេចក្តីប្រកាសព័ត៌មានអំពីការរួមបញ្ចូលគ្នានេះ។ ក្រោយបញ្ចប់ការធ្វើសមាហរណកម្មរួម គេរំពឹងថានឹងនាំទៅរកភាពវិជ្ជមាន នឹងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។
លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្តានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាសនិងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Pi Pay នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។» ប្រតិបត្តិការដែលត្រូវបានរំពឹងទុកនឹងត្រូវបានបញ្ចប់បន្ទាប់ពីការបំពេញលក្ខន្តិកៈចាំបាច់មួយចំនួនដែលតម្រូវតាមច្បាប់ ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយនៃការរួមបញ្ចូលគ្នាពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិករបស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន Pi Pay។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់ក្រុមហ៊ុនSmartLuy ក៏នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Payដែរ។ អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យបច្ចុប្បន្នរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែមលើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។
ការយល់ព្រមយ៉ាងឆាប់រហ័សរបស់ធនាគារជាតិកម្ពុជាក៍ពិតជាជំនួយដ៏ធំមួយដែរក្នុងការពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Pi Pay ក្រោយសមាហរណកម្មនេះបានបញ្ចប់។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏នាំយកគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់ យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំនៃការបញ្ចប់ប្រតិបត្តិការជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពលដ៏ធំធេងនេះក្នុងការ ជម្រុញបរិយាបន្នហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅកម្ពុជាផងដែរ។»
បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) នឹងមានឱកាសស្វែងរកប្រាក់ចំណូលកាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំងក្នុងការរកប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយរឹងមាំ និងសំខាន់បំផុតគឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរស័ព្វដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuyដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន SmartAxiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និងwww.pipay.com។ទាំងក្រុមហ៊ុន Smart និង ក្រុមហ៊ុន Pi Pay នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅពេលមានការធ្វើបច្ចុប្បន្នភាព។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៧មក ផាយផេ បានបង្ហាញខ្លួនជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញដៃគូពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលមិនចេះរីងស្ងួត ដែលក្នុងនោះក៏រាប់បញ្ចូលទាំងដៃគូសហការលំដាប់ពិភពលោក ដូចជា Alipay, WeChat Pay និង UnionPay ផងដែរ។
ផាយផេ ជាកម្មវិធីទូទាត់ដែលរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់និងផ្ទេរប្រាក់ជាមួយមុខងារសំខាន់ៗជួយសម្រួលដល់ការប្រើប្រាស់សំរាប់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលមានដូចជា មុខងារជជែកកំសាន្ត និងមុខងារស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ផាយផេមានគោលបំណងផ្លាស់ប្តូររបត់នៃការចាយប្រាក់នៅកម្ពុជាជាមួយនឹងបច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក។
មកទល់បច្ចុប្បន្ននេះ កម្មវិធីផាយផេមានអ្នកប្រើប្រាស់ជិត ៣០ ម៉ឺននាក់ដែលបានធ្វើប្រតិបត្តិការគិតជាទឹកប្រាក់ជាង ៣៥០ លានដុល្លារនិងមានហាងដៃគូរ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបោះជំហានកាន់តែខ្លាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផាយផេ បានបង្ហាញថាបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាសប្រាក់ អាចនាំមកនូវភាពងាយស្រួលនិងដំណោះស្រាយយ៉ាងពិតប្រាកដជូនដល់អ្នកនិងអាជីវកម្មរបស់អ្នក។
ដោយមានទំនាក់ទំនងសហការល្អជាមួយនឹង ធនាគារជាតិនៃកម្ពុជា ស្ថាប័នហរិញ្ញវត្ថុឈានមុខ និង ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ផាយផេ កំពុងព្យាយាមបោះជំហានទៅរកការអភិវឌ្ឍន៏ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះដល់ប្រទេសកម្ពុជា ដែលមានប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ព្រមទាំងនាំមកនូវការអភិវឌ្ឍន៏ដល់កម្ពុជាផងដែរ។