ខេត្តប៉ៃលិន៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលបុរសរូបនេះបានជិះម៉ូតូក្នុងល្បឿនលឿនហើយមានទឹកប្តូរនិស្ស័យក្នុងខ្លួនផងនោះ ក៏រេចង្កូតទៅបុករថយន្តសាំយ៉ុងដែលកំពុងតែបើកបរលើផ្លូវជាតិលេខ៥៩ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូដែលជិះពីជើងទៅត្បូងបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ភ្លាមៗនោះនគរបាលចរាចរណ៍ស្រុកសាលាក្រៅ បានចុះមកវាស់វែង រួចទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមកដឹកសពជនរងគ្រោះដែលស្លាប់យកទៅប្រគល់ឲ្យបងប្អូនក្រុមគ្រួសារសពធ្វើ
បុណ្យតាមប្រពៃណី។
សមត្តកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទី ថ្ងៃ អាទិត្យ ទី១០ កើត ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២០បង្កឡើងដោយអ្នកជិះម៉ូតូក្នុងស្ថានភាពស្រវឹងទៅបុករថយន្តម៉ាកសាំយ៉ុងនៅលើផ្លូវជាតិលេខ៥៩ ស្ថិតនៅក្នុងភូមិ ថ្នល់ទទឹង ឃុំ អូរអណ្តូង ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បណ្តាលឲ្យខូចខាតម៉ូតូ ចំនួន១គ្រឿង , រីឯបុរសដែលស្លាប់ជាអ្នកបើកបរម៉ូតូឈ្មោះ ឆេង រឿង ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AA-8535 បើកបរក្នុងទិសដៅពីជើងទៅត្បូង បានរេចង្កូតទៅបុករថយន្តបណ្ថាលឲ្យស្លាប់ខ្លួនឯងនៅនឹងកន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស៊ុង១ ឃុំ ស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងបើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A -2716 បើកបរក្នុងទិសដៅពីជើងទៅត្បូង។
សមត្តកិច្ចជំនាញបានបន្តថា ករណីនេះបណ្តាលមកពីកត្តាមនុស្ស (ភាគីខាងម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង) ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅដល់ផ្ទះជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី, ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ស សារ៉េត