សារព័ត៌មាន Bloomberg នៅថ្ងៃទី១ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលចិន បានបញ្ជាដល់បណ្តាក្រុមហ៊ុនឱ្យផ្អាកទិញផលិតផលកសិកម្មពីអាមេរិក ដោយសារតែការប្រឈមមុខតានតឹងដាក់គ្នារវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនចិនដែលទិញផលិតផលកសិកម្មពីអាមេរិក រួមមានក្រុមហ៊ុន Cofco និង Sinograin តែពេលនេះត្រូវបានរដ្ឋាភិបាលស្នើឲ្យផ្អាកទិញពីអាមេរិក ជាបណ្តោះអាសន្ន។ ជាមួយគ្នានេះក្រុមហ៊ុនរដ្ឋរបស់ចិនបានលុបចោល ការបញ្ជាទិញសាច់ជ្រូកពីអាមេរិកផងដែរ។
សកម្មភាពខាងលើរបស់ចិនកើតឡើងក្រោយពេលប្រទេសទាំងពីរប្រឈមមុខតានតឹងកាន់តែខ្លាំង ពិសេសគឺកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទីមួយប្រឈមនិងការលុបចោល។
តាមរបាយការណ៍របស់មជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ CSIS បានលើកឡើងថាការនាំចេញផលិតផលអាមេរិកមានទាំងថាមពល កសិកម្ម ទេសចរណ៍ទៅកាន់ចិន គិតជាទឹកប្រាក់មានតែ៥៧ពាន់លានដុល្លារ គឺតិចជាងគោលដៅដែលបានកំណត់ទុក ក្នុងកិច្ចព្រមព្រៀងដំណាក់កាលទីមួយ គឺចិនត្រូវតែទិញផលិតផលកសិកម្មពីអាមេរិក មានទឹកប្រាក់រហូតដល់២០០ពាន់លានដុល្លារ។
ការសម្រេចផ្អាកទិញផលិតផលកសិកម្មរបស់អាមេរិក កើតឡើង ក្រោយពេលដែលអាមេរិកលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ចិន នោះគឺបញ្ហាកោះហុងកុង ក៏ដូចជាការឆ្លងរាលដាលកូវីដ-១៩ ដែលអាមេរិក ទមា្លក់ទៅលើចិនឲ្យទទួលខុសត្រូវ៕ធី រីណា