ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល នៅចំណុចមុខវត្តលង្កា ផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្តម ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ មុនី ហៅចម្រើន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដេកនៅតាមស្តង់លក់បន្លែផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូគេនៅចំណុចមុខផ្ទះលេខ២១បេ ផ្លូវលេខ២៥១ ក្រុមទី៤៣ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖