អន្តរជាតិ៖ អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី៣ ខែមិថុនាបានលើកសរសើរភាពក្លាហានរបស់ក្រុមយុវជនបាតុករ ធ្វើបាតុកម្មពីសំណាក់ប្រជាជនអាមេរិកទាមទារយុត្តធម៌ផ្នែកពណ៌សម្បុរ ។ មិនតែប៉ុណ្ណោះលោកអូបាម៉ា ក៏បានទទូចឲ្យបណ្ដាអភិបាលរដ្ឋអាមេរិកទាំងអស់ពិនិត្យឡើងវិញគោលនយោបាយប្រើកម្លាំងសមត្ថកិច្ចដោះស្រាយជាមួយប្រជាជនហើយគួរតាំងចិត្តរៀបចំផែនការធ្វើកំណែទម្រង់។
អតីតប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ដោយចាត់ទុកជារឿង«អស្ចារ្យមួយ»ហើយការតវ៉ាជុំវិញករណីស្លាប់បុរសស្បែកខ្មៅក្រោមដៃប៉ូលិសកាលពីសប្តាហ៍មុននេះ អាចបង្កទៅជាការធ្វើកំណែទម្រង់ថ្នាក់ជាតិ។
តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយលើកដំបូងចាប់ពីករណីស្លាប់បុរសស្បែកខ្មៅGeorge Floyd កាលពីថ្ងៃទី២៥ ខែឧសភា ក្នុងរដ្ឋ Minneapolis ដែលបង្កជាចលនាបាតុកម្មជុំវិញប្រទេស លោក បារ៉ាក់ អូបាម៉ា អះអាងថា លោកភ្ញាក់ផ្អើលចំពោះភាពសកម្មរបស់ក្រុមបាតុករជាយុវជន។លោកសង្កត់ធ្ងន់ថា៖«កម្លាំងចិត្តពួកគេ អាចប្រើជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរធំធេងជាងនេះ»។ ក្នុងវីដេអូរយៈពេល១៥នាទី ប្រធានាធិបតីអាមេរិកទី៤៤រូបនេះ បានលើកឡើងពីចលនាទាមទារសិទ្ធិស៊ីវិលអំឡុងឆ្នាំ១៩៦០ដែលដឹកនាំដោយលោក Martin Luther King ដោយកត់សម្គាល់ថា កាលនោះលោកMartin ក៏ស្ថិតជាយុវជនផងដែរ។
លោក អូបាម៉ា បានបន្តនិយាយទៅកាន់ស្ត្រីនិងបុរសស្បែកខ្មៅវ័យក្មេងក្នុងសហរដ្ឋអាមេរិក ដែលជារឿយៗពើបប្រទះឬមើលឃើញអំពើហិង្សាព្រៃផ្សៃ។ត្រង់ចំណុចនេះ លោក បញ្ជាក់ថា អំពើហិង្សាខ្លះកើតចេញពីក្រុមមនុស្សដែលមានកាតព្វកិច្ចបម្រើ និងការពារពួកគេ ហើយលោកចង់ប្រាប់ថា «អ្នកសំខាន់ ជីវិតអ្នកសំខាន់ ក្តីសុបិនអ្នកសំខាន់»។
នៅថ្ងៃដដែលនេះ អតីតរដ្ឋមន្ត្រីការពារអាមេរិក លោក Jim Mattis បានរិះគន់ធ្ងន់ៗលើប្រធានាធិបតី ដូណាល់ ត្រាំ ដោយចោទប្រកាន់លោកថាព្យាយាមបំបែកបំបាក់សហរដ្ឋអាមេរិក។ លោក Mattis ដែលលាលែងពីតំណែងក្នុងចុងឆ្នាំ២០១៨ក្រោយលោកត្រាំបញ្ជាដកទ័ពពីស៊ីរី ក៏បានបង្ហាញសំឡេងគាំទ្រក្រុមអ្នកតវ៉ាប្រឆាំងការរើសអើងពណ៌សម្បុរ។
ក្នុងអត្ថបទផ្សាយលើសារព័ត៌មានអនឡាញ The Atlantic លោក Mattis សរសេរថា៖«លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីដំបូងហើយក្នុងឆាកជីវិតខ្ញុំ ដែលមិនព្យាយាមបង្រួមបង្រួមប្រជាជនអាមេរិក ហើយមិនសូម្បីតែធ្វើពុតជាព្យាយាមថែមទៀតផង»។ អតីតឧត្ដមសេនីយ៍រូបនេះ បន្តថា៖«ជំនួសមកវិញ លោក ត្រាំ បានព្យាយាមបំបែកបំបាក់យើង»។
ប្រតិកម្មនឹងការរិះគន់ពីសំណាក់កូនចៅចាស់បែបនេះ លោក ដូណាល់ ត្រាំនៅថ្ងៃទី៤ ខែមិថុនា បានសរសេរលើ Twitter ថា៖«ប្រហែលរឿងតែមួយគត់ដែលបារ៉ាក់ អូបាម៉ា និងខ្ញុំធ្លាប់ធ្វើដូចគ្នា គឺថា យើងមានកិត្តិយសបណ្ដេញJim Mattis ចេញពីតំណែង»។ លោក ត្រាំ ឌឺដងលោក Mattis ទៀតថា៖«ខ្ញុំបានស្នើឲ្យលោកសរសេរលិខិតលាលែងតំណែង ហើយ(ខ្ញុំ)មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់។ ដំបូងរហស្សនាមលោក គឺ ចលាចល តែដោយខ្ញុំមិនចូលចិត្ត ហើយប្ដូរទៅជា ឆ្កែឆ្គួត វិញ»៕
ដោយ៖ស តារា