ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺបានសង់ឡើងនៅលើផ្ទៃដីទីតាំងអគារគណបក្សចាស់ ដែលមានទំហំដីប្រមាណ ១.៦ហិកតា ដែលមានកម្ពស់៥ជាន់។ ទំហំសំណង់អាគារគឺប្រមាណ ៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់បាន៩៥%ហើយ។ អគារដ៏ធំស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងរំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។

ការកសាងអគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់មហាជនយើងអាចចតរថយន្តបាន៣០០គ្រឿង។ នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា១ម៉ឺននាក់។

អគារនេះមានកម្ពស់០៥ ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។ អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។ ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣៤៧០ នាក់ផងដែរ។
ចំពោះសោភ័ណភាពនៃការឌីហ្សាញអាគារនេះជារួមគឺមានរចនាបថថ្មីហៅថា រចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នាគឺ ទី១)រចនាបថប្រាសាទអង្គរវត្ត ទី២) រចនាបថបន្ទាយស្រី និងទី៣) រចនាបថកណ្ដាល ហើយបានរួមបញ្ចូលគ្នាយើងហៅថា “ រចនាបថរួមសម័យ” ។ វត្តមានអគារដ៏ធំស្កឹមស្កៃនេះគឺបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕

ដោយ៖សុខ ខេមរា

 


ចែករំលែក៖