ព័ត៌មានទាន់ហេតុការណ៍៖

ខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្តខ្លះនៅលួចបើក បំពានលើបម្រាមក្រសួងទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្តខ្លះ នៅលួចបើក បំពានលើបម្រាមក្រសួងទេសចរណ៍ ។ នេះបើតាមការបញ្ជាក់ពីខាងមន្ត្រីក្រសួងទេសចរណ៍ ស្រាវជ្រាវតាមដាន និងទទួលបានរបាយការណ៍ថា កន្លែងខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្ត រង្គសាល និង ឌីស្កូតែកខ្លះ ក្នុងរាជធានីខេត្តមួយចំនួន នៅតែលួចបើក ក្នុងអំឡុងនៃការហាមឃាត់នៅឡើយ។ ក្រសួង ប្រាប់អាជ្ញាធរដែនដី ឲ្យចុះទៅបិទអាជីវកម្មទាំងនេះវិញ។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យថា៖«ក្រសួង បានស្នើសុំឲ្យអភិបាល រាជធានី ខេត្ត ត្រួតពិនិត្យលើអាជីវកម្មណា ដែលយើងហាមហ្នឹង ហើយលួចបើកក្នុងអំឡុងពេលកូវីដ-១៩។

អាជ្ញាធរដែនដី នឹងមានសមត្ថកិច្ចក្នុងការបិទ និងផ្អាកអាជីវកម្ម»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសរសេរលិខិតជូនទៅគ្រប់អភិបាលរាជធានីខេត្ត ដើម្បីប្រាប់ពីបញ្ហានេះ។ លោក លើកឡើងថា វិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការបិទអាជីវកម្មខារ៉ាអូខេ បៀរហ្គាឌិន ក្លឹបកម្សាន្ត រង្គសាល និង ឌីស្កូតែក នៅតែបន្តអនុវត្ត។
តាមរយៈលិខិតដែលធ្វើឡើងនៅថ្ងៃ៣ ខែមិថុនា លោករដ្ឋមន្រ្តី ស្នើឲ្យអភិបាលរាជធានីខេត្ត ត្រួតពិនិត្យនិងអនុវត្តវិធានការលើអាជីវកម្មប្រភេទទាំងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ៖បើសមត្ថកិច្ចចុះទៅឃើញអាជីវកម្មប្រភេទទាំងនេះ លួចបើកទៀត សមត្ថកិច្ចនឹងចុះណែនាំ ផ្អាក និង បិទអាជីវកម្មនោះ ដោយរង់ចាំទាល់តែរាជរដ្ឋាភិបាលប្រកាសឲ្យបើកវិញ។ លោក បន្តថា ពេលវិស័យទេសចរណ៍កំពុងតែមានការងើបឡើងវិញ ក្រោយកម្ពុជាធូរស្បើយនឹងជំងឺកូវីដ-១៩ ម្ចាស់ក្លឹបកម្សាន្ត ខារ៉ាអូខេ និង បៀរហ្គាឌិន ក៏ចង់បើកអាជីវកម្មវិញដែរ។

លោក និយាយដូច្នេះថា៖«ក្រោយពីប្រទេសយើងបានព្យាបាល អ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ជិតអស់ទៅ អ៊ីចឹងប្រជាជនខ្លះក៏ចេញដើរលេង  ជាហេតុធ្វើឲ្យអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក បៀរហ្គាឌិនមួយចំនួន លួចបើកដំណើរការឡើងវិញ ខណៈរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ មិនទាន់ចេញប្រកាសឲ្យបើកដំណើរការវិញ»។

លោក អះអាងថា ការណ៍ដែលមិនទាន់ឲ្យបើកប្រភេទសេវាកម្មខាងលើ ក៏ព្រោះតែ កន្លែងទាំងអស់នោះ ជាកន្លែងដែលងាយនឹងឆ្លងជំងឺកូវីដ-១៩។ លោក បញ្ជាក់ថា ក្រសួងនឹងប្រកាសឲ្យបើកដំណើរការវិញនៅពេលដែលស្ថានភាពធូរស្បើយវិញ។

សូមរម្លឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២២៤៥៦ ស្មេីនឹង​ ១៣៥២ ក្នុង១លាននាក់៕សហការី


ចែករំលែក៖