ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះចុះបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល

ចែករំលែក៖

   ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង យោធា និងកងរាជអាវុធហត្ថ(B.05)សហការគ្នាចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិជលផល ខណៈទើបនឹងផ្សព្វផ្សាយរួចថ្មីៗនារដូវបិទនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។

 ករណីកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចកំពង់វាលធំ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 កម្លាំងសហការខាងលើប្រាប់ថា ក្នុងនោះកម្លាំងផ្ដោតលើឧបករណ៍ប្រភេទរបាំងស្បៃមុង ហើយលទ្ធផលយើងបង្ក្រាបបាន របាំងស្បៃមុងចំនួន៦ខ្សែ ស្មើនឹងប្រវែង១.៣៥០ម៉ែត្រ លូកងស្បៃមុងចំនួន ៥មាត់ បង្គោលចម្រឹងចំនួន ៤៧០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបវិញមួយចំនួនផងដែរ ។

 ប្រភពដដែលបន្តទៀតថា ចំពោះឧបករណ៍ជាវត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ហើយកម្លាំងសហការសន្យាធ្វើការបង្រ្កាបបន្តឲ្យដូចភ្លៀងរលឹម។ នេះជាបទបញ្ជារបស់ថ្នាក់លើ និងចាំបាច់ត្រូវតែទប់ស្កាត់ដើម្បីត្រីពងកូនផងដែរ ខណៈរដូវនេះជារដូវបិទនេសាទផងនោះ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖