ព័ត៌មានទាន់ហេតុការណ៍៖

នៅស្រុកស្ទោងមានខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ២ខ្ននិង១ករណីទៀតខ្សែភ្លើងឆក់ស្លាប់បុរសម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រងការខូចខាត និងករណីមួយទៀតខ្សែភ្លើងឆក់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ នៅស្រុកស្ទោងខេត្តកំពង់ធំ កាល ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ។

មន្រ្តី្តនគរបាលស្រុកស្ទោងបានឲ្យដឹងថា ករណីទី១ ខ្យល់កន្រ្តាក់នៅវេលាម៉ោង៥ល្ងាច បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅភូមិក្រយាជើង និងភូមិក្រយាត្បូង ស្រុកស្ទោង ដោយក្នុងនោះ ម្ចាស់ផ្ទះឈ្មោះ ស៊ុន សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះមានទំហំ៥មx៦ម សង់ពីឈើជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី នៅភូមិក្រយាជើង ខូចខាតដើមដូងរលំសង្កត់លើផ្ទះ ។

និងម្នាក់ទៀតម្ចាស់ផ្ទះឈ្មោះ បាន ផារី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិក្រយាត្បូង ខូចខាតដាច់សំយ៉ាបមុខផ្ទះ ។

ប្រភពដដែលបានឲ្យដឹងទៀតចំណែកករណីទី២ មានករណីខ្សែភ្លើងឆក់មនុស្សម្នាក់ បណ្តាលឱ្យស្លាប់នៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃដដែល ស្ថិតនៅភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ មឿម ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ មុនពេលកើតហេតុជនរងគ្រោះបានតខ្សែភ្លើងដាក់អំពូលយកចង្រិត តែកាន់ចំតំណខ្សែភ្លើងមានចរន្តក៏បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗ ដោយក្រុមគ្រួសារជួយសង្រ្គោះមិនទាន់ឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ដល់ទីតាំងកើតហេតុខាងលើ ឃើញថាផ្ទះប្រជាពលរដ្ឋ២ខ្នងជួបគ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង ។ចំណែកបុរសម្នាក់ បានបាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់ប្រាកដមែនក៏ ប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ប្រាថ្នា


ចែករំលែក៖