អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងភរិយា Michelle Obama បានអំពាវនាវឲ្យក្រុមនិស្សិតដែលទើបតែបញ្ចប់វគ្គសិក្សា ឆ្នាំ២០២០ទៅចូលរួមបោះឆ្នោតនៅខែវិច្ឆិកាខាងមុខដើម្បីផ្លាស់ប្តូរនយោបាយដឹកនាំ។ លោកអូបាម៉ាបានលើកឡើងថា ការធ្វើបាតុកម្មមួយមុខមិនគ្រាប់គ្រាន់ដើម្បីបញ្ចប់ភាពអយុត្តិធម៌ក្នុងសង្គមនិងការរើសអើងជាតិសាសន៍នោះទេ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រតាម អនឡាញនៅថ្ងៃទី៧ ខែមិថុនា ដែលបានផ្សាយផ្ទាល់តាមប្រព័ន្ធ Youtube លោកអូបាម៉ា បានបញ្ជាក់ថា ក្រុមយុវជនយុវនារីដើរតួនាទីយ៉ាងសំខាន់ដល់លទ្ធិប្រជាធិបតេយ្យ និងបញ្ចប់ការរើសអើងជាតិសាសន៍។
កន្លងមកថ្មីៗ មន្ត្រីជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋ ដែលជាអតីតរដ្ឋមន្ត្រីការបរទេសដ៏មានឥទ្ធិពល លោក Colin Powellនិងជាអ្នកដឹកនាំកម្លាំងយោធាអាមេរិក ធ្វើសង្គ្រាមនៅឈូងសមុទ្រពែក្សឆ្នាំ១៩៩១ ក្នុងប្រទេសអុីរ៉ាក់នោះ បានប្រកាសថា លោកនឹងបោះឆ្នោតជូនបេក្ខភាពប្រធានាធិបតីលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែង របស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។
សារព័ត៌មាន Independent.ie កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានផ្សាយថា លោក Powell ដែលមិនបានបោះឆ្នោតជូនបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋរបស់ខ្លួន កាលពីឆ្នាំ២០១៦នោះ បានថ្លែងថា« លោកមិនអាចគាំទ្រទាល់តែសោះឡើយដល់លោកប្រធានាធិបតី ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំនេះ» ។
លោក Powell បានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតថា តើលោកនឹងបោះឆ្នោតជូនលោក Biden ឬទេ? លោក Powell បានតបថា «ខ្ញុំនឹងបោះឆ្នោតជូនគាត់ (Biden)» ។ លោក Powell បានរិះគន់ និងបន្ទោសទៅលើលោក ដូណាល់ ត្រាំ ធ្ងន់ៗទាក់ទងបញ្ហាថ្មីៗនេះ នាំឲ្យមានរលកបាតុកម្មទ្រង់ទ្រាយធំពាសពេញប្រទេស គឺក្រោយពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់នៅទីក្រុងMinneapolis រដ្ឋ Minnesota ក៏ដូចជាការគំរាមកំហែងប្រើប្រាស់កម្លាំងទាហានបង្ក្រាបទៅលើបាតុករនោះជាដើម ៕ដោយ៖ធី រីណា