ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រំដែនចាប់បានជនសង្ស័យ៣នាក់ កាច់កម៉ូតូរួចបញ្ជូនទៅនគរបាលប៉ុស្តិ៍ចាត់ការបន្ត

ចែករំលែក៖

បន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារ ព្រំដែនគោកលេខ៩១១ បានចុះបង្រ្កាបករណីចោរលួចកាច់កម៉ូតូដោយចាប់បានជនសង្ស័យ៣នាក់ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ដា សុខណា (ហៅ វែង) អាយុ២៧ឆ្នាំ មុខរបរជួលម៉ូតូឲ្យគេជិះ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជាម្ចាស់ម៉ូតូ បានឲ្យដឹងថា នៅវេលាម៉ោងម៉ោង៤និង៥៣នាទីជាងយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ម៉ូតូរបស់គាត់ ត្រូវជនសង្ស័យ៣នាក់លួចមានឈ្មោះ ទី១៖ សឹង ចំណាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ, ទី២៖ នួន សុផៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ, ទី៣៖ ហេង ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ 

លុះព្រឹកឡើងគាត់បានឆែករកឃើញតាមប្រព័ន្ធ GPS ថា ម៉ូតូគាត់នៅភូមិព្រៃគប់ ក៏បានទៅប្តឹងសមត្ថកិច្ចតាមប៉ុស្តិ៍ការពារព្រំដែនព្រៃគប់ ឲ្យជួយធ្វើអន្តរាគមន៍ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យទាំង៣នាក់តែម្តង។

ជនរងគ្រោះបានឲ្យដឹងទៀតថា ម៉ូតូរបស់គាត់ដែលជនសង្ស័យបានធ្វើសកម្មភាពកាច់សោនោះម៉ាកហុងដា ZOOMER ពណ៌ក្រហម-ស ស៊េរីឆ្នាំ២០១៨។ សូមបញ្ជាក់ថា ក្រោយកើតហេតុគេសង្កេតឃើញថា ក៏មានកងកម្លាំងនគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះមកដល់ទីតាំងកើតហេតុផងដែរ។ ក្រោយមក នគរបាលការពារព្រំដែនលេខ៩១១ បាននាំខ្លួនជនសង្ស័យទាំង៣នាក់ទៅយកម៉ូតូរបស់ជនរងគ្រោះរួចបញ្ជូនទៅកាន់បញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេខ៩១១ ដើម្បីសួរនាំ និងកសាងសំណុំ រឿងបញ្ជួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាកណ្តាលចាត់ការបន្ត៕ ដោយ៖ប្រាថ្នា


ចែករំលែក៖