ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តអប់រំខ្លីរឿង”ប្រពន្ធបាយកក”ចាក់ចំបេះដូងអ្នកទស្សនាខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្លីបែបអប់រំ រឿង”ប្រពន្ធបាយកក”ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវ ស្នេហា សម័យថ្មីនេះ បាននិងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។
​បញ្ចេញសាច់រឿងពេញមិនបានប៉ុន្មានផង ភាពយន្តខ្លីរឿង”ប្រពន្ធបាយកក” របស់ ផលិតកម្ម យ៉ូប ( Job Production) ទទួលបានការពេញចិត្ត និងកោតសរសើរខ្លាំង រហូតមានការបញ្ចេញយោបល់(Comment ) និងការចែករំលែកជាច្រើនពេញបណ្តាញ សង្គមនានា។ ការពេញចិត្តរបស់ទស្សនិកជនព្រោះតែអត្ថន័យនៃសាច់រឿង ដែលឆ្លុះបញ្ចាំង ពីជីវិតស្នេហាមនុស្សប្រុសស្រីមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។ ក៏មានការកោតសរសើរខ្លាំងពី សមត្ថភាព សម្តែងរបស់តារាសម្តែងជាច្រើនពិសេសអតីតបេក្ខជន X Factor Cambodiaកញ្ញា លាង ចាន់ឡា តារាសម្តែង លោក Kavin កញ្ញា ហេង វិមាន និងកញ្ញា ហេង ស្រីពេជ្រ ជាដើម។
​លោក ឈួន សុខលីម អ្នកគ្រប់គ្រងការផលិតបានបញ្ជាក់ថាជាភាពយន្ត​ឆ្លុះបញ្ចាំង​ពីស្នេហាផិតក្បត់របស់ស្វាមី លួចលាក់មានស្រីខាងក្រៅ មិនព្រមកែខ្លួន និងចាត់ទុកប្រពន្ធ​ត្រឹមជាបាយដែលសល់ ចុងក្រោយគឺមានវិប្បដិសារីចំពោះខ្លួនឯង។ លោកបន្តថា នេះគឺជា​ស្នាដៃថ្មីដែលនិពន្ធ និងដឹកនាំសម្តែងដោយលោក សយ រតនា បន្ទាប់ពីរឿង “ទ្រនំបាក់មែក” “ប្ដីទីងមោង” និងរឿង” មកផ្ទះយើងវិញកូន” និងជាការខិតខំផលិតរួមគ្នាគ្រប់ផ្នែកដើម្បី បញ្ចេញស្នាដៃមានគុណភាព ហើយលោកពិតជាសប្បាយចិត្តដែលទទួលបានការបញ្ចេញ យោបល់ (Comment) កោតសរសើរ និងការរិះគន់ខ្លះៗដើម្បីកែលម្អចំណុចខ្វះខាត ដើម្បីបន្តឲ្យការផលិតភាពយន្តខ្លីលើកក្រោយកាន់តែមានគុណភាព។ លោកបញ្ជាក់ថា នេះក៏ជាស្នាដៃមួយក្នុងចំណោមស្នាដៃភាពយន្តអប់រំខ្លីជាច្រើនដែលផលិតកម្មចង់បង្ហាញជូនទស្សនិកជន និងផ្តល់ជាគំនិត ការអប់រំមួយតាមរយៈស្នាដៃសិល្បៈ។ លោកបន្តថាផលិតកម្ម នៅតែបន្តការផលិតភាពយន្ត ស្នាដៃបទចម្រៀងថ្មីៗល្អៗសម្រាប់បម្រើការកម្សាន្តរបស់ ទស្សនិកជន ហើយការគាំទ្រគឺជាកម្លាំងចិត្តសម្រាប់លោក ផលិតករ ក្រុមការងារ និងសិល្បៈទាំងអស់៕ដោយ៖វឌ្ឍនា


ចែករំលែក៖