ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ ជំនាញខាងលួច​អីវ៉ាន់​ អាជីវករក្នុង​ផ្សារ​ប៉ា​ហ៊ី ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តប៉ៃលិនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងសន្តិសុខផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្រុងប៉ៃលិន បានចាប់ឃាត់ខ្លួនយុវជន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចលួចអីវ៉ាន់របស់អាជីវករក្នុងផ្សារនៅពេលយប់ នាំយកមកសាកសួរ ដើម្បីបន្តនីតិវិធី

ការឃាត់ខ្លួនយុវជនទាំង៣នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង០០និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា ក្មេងប្រុសទាំង០៣នាក់នោះ ទី១មានឈ្មោះ ផេង សុភ័ក្រភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។ទី២.​ឈ្មោះ វីន ឌីអាណាន់ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរសិស្ស ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី.​ឈ្មោះ នី សុខធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងមាសទីលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រួមនឹងដកហូតបានម៉ូតូគ្រឿង ម៉ាកហុងដាឌ្រី ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន B-៣៥៦៤ ដែលពួកគេជិះទៅ ធ្វើសកម្មភាព។

លោកអធិការ បានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ ក្រោយពីទទួលព័ត៌មានពីកម្លាំងសណ្ដាប់ធ្នាប់ការពារសន្តិសុខផ្សារសាមគ្គី ថាមានក្មេងៗសង្ស័យចំនួននាក់ បម្រុងធ្វើសកម្មភាពលួចគាស់តូបអាជីវករ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះធ្វើការនាំខ្លួនក្មេងសង្ស័យទាំងនោះយកមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីស្រាវជ្រាវរកបក្ខពួកន្ថែទៀត

លោកអធិការបញ្ជាក់ទៀតថាក្នុងចំណោម០៣នាក់នោះ មានជនសង្ស័យម្នាក់ឈ្មោះ ផេង សុភ័ក្រ បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានចូលទៅលួច​អីវ៉ាន់ នៅក្នុងផ្សារសាមគ្គីចំនួន០២ដងរួចមកហើយ ដោយលើកទី០១ គឺមានបក្ខពួកចំនួន០២នាក់ ឈ្មោះ កែវ ភេទប្រុស និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានចូលទៅលួចគាស់តូបលក់ខោអាវក្នុងផ្សារសាមគ្គីតាំងពីឆ្នាំ២០១៩ និងលើកទី០២ គឺចូលលួចដែកបានចំនួន០២ដើមតាំងពីឆ្នាំ២០១៩។

ក្រោយពីការសាកសួរ ពួកគេទាំង០៣ បានឆ្លើយសារភាពថា មានគោលបំណង ទៅលួចសម្ភារនៅក្នុងផ្សារសាមគ្គី ដើម្បីយកទៅលក់ តែមិនទាន់បានលួចផង ក៏ត្រូវកម្លាំងសណ្ដាប់ធ្នាប់ សន្តិសុខផ្សារសាមគ្គីប្រទះឃើញតែម្តង។

បច្ចុប្បន្នករណីខាងលើនេះ ជនសង្ស័យរួមទាំងវត្ថុតាង​(​ម៉ូតូ០១គ្រឿង​) ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី


ចែករំលែក៖