ភ្នំពេញ៖ ដើម្បីកាត់បន្ថយវិវាទដីធ្លី ដែលធ្លាប់កើតឡើងកន្លងមក ខណៈហាងឆេងដីនៅខេត្តជាប់មាត់សមុទ្រ កំពុងឡើងខ្ពស់ រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញពីឆន្ទះរបស់ខ្លួនក្នុងការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការកាត់បន្ថយទំនាស់ដីធ្លី គឺផ្ដើមចេញពីការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋនិងមានការអាក់ខានខ្លះដែរ ដោយសារបញ្ហា Covid-19 ។ ប៉ុន្តែទោះជាយ៉ាងណា លោកបានអះអាងថា មន្រ្តីជំនាញ នឹងខិតខំពន្លឿនដោយធ្វើយ៉ាងណាឲ្យការចុះបញ្ជីដីធ្លីបានកាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ។
ដោយឡែកលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៩កន្លងមក មន្ទីរបានចុះបញ្ជីក្បាលដីបានចំនួនជាង៨០០០ក្បាលដី ក្នុងផែនការ១៣០០០ក្បាលដី។ លោកថា ការអនុវត្តតាមផែនការមិនបាន១០០ភាគរយ ដោយសារតែបញ្ហាដែលនៅសេសសល់ពុំទាន់ត្រូវបានដោះស្រាយ ក៏ដូចជា បញ្ហាភូមិសាស្រ្ត បច្ចេកទេស និងបញ្ហាធម្មជាតិ ។
លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីបន្តថាក្នុងឆ្នាំ២០២០នេះ មន្ទីរមានផែនការចុះបញ្ជីចំនួន១០០០០ក្បាលដីទៀតប៉ុន្តែមានការខកខានខ្លះ ដោយសារតែជំងឺCovid-19។ យ៉ាងណាក៏ដោយប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ បានលើកឡើងថា សកម្មភាពមន្រ្តីជំនាញទាំង៣តំបន់ នៅតែមានដដែល ដើម្បីអនុវត្តផែនការដែលបានដាក់ចេញ។
បច្ចុប្បន្នខេត្តព្រះសីហនុ គឺជាខេត្តមួយដែលបានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន ដែលគេរំពឹងថា នឹងមានលទ្ធភាពសេដ្ឋកិច្ចល្អប្រសើរសម្រាប់ប្រទេសកម្ពុជា៕ដោយ៖ស តារា